ព័ត៌មានជាតិ
ច្បាស់ហើយ!អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងសង់រួចនៅពាក់កណ្តាលខែមីនាឆ្នាំ២០២៣ខាងមុខ
អ្នកជំនាញនៃក្រុមការងារចិនដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀម រាបនេះ គ្រោងនឹងបញ្ចប់ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនាឆ្នាំ២០២៣ខណៈរហូតមកដល់ចុងឆ្នាំ២០២០សម្រេចបាន១៥%ហើយ។

អ្នកជំនាញនៃក្រុមការងារចិនបានបន្តថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។
ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាងសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខពោលគឺមានរយៈពេលសរុប៣៦ខែបើគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២០។
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកាលពីថ្ងៃទី០៦កុម្ភៈឆ្នាំ២០២១។
ក្រុមជំនាញការចិនបានបន្តទៀតថា ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

ក្នុងនោះដែរក៏ធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្តនិងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ ម្យ៉ាងទៀតការក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់។
អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

អ្នកជំនាញការចិនបានសំណូមពរដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជា មួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញចរន្តអគ្គិសនី ដើម្បីបំពេញតម្រូវការក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាននៅពេលបើកដាក់ឲ្យដំណើរការហោះហើរ និង តភ្ជាប់បណ្តាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ប្រើ ប្រាស់នៅអាកាសយានដ្ឋាននេះ និង តភ្ជាប់ប្រព័ន្ធ អ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើប័ណ្ណកម្មសិទ្ធដីផ្លូវចូលមកព្រលាន ដើម្បីធ្វើរបងការពារសុវត្ថិភាពទៀតផង។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និង ប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)។
លោក ទៀ សីហា បានមានប្រសាសន៍ថាការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជំរុញកិច្ចដំណើរការគម្រោងខ្សែក្រវាត់មួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ក៏បានលើក ផងដែរថា រដ្ឋបាលខេត្តត្រៀមលក្ខណៈក្នុងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើងហើយរាល់សំណូមពរនេះដែរ ក៏យើងទាមទារឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សាជាមុន ដើម្បីក្នុងការធានាឲ្យបានទៅតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និង ធ្វើការជំរុញដល់គណៈកម្មការ និង មន្ទីរជំនាញ ចុះធ្វើការពិនិត្យ និង កំណត់ព្រំដីឲ្យបានច្បាស់លាស់ជាមុនផងដែរ៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង