ព័ត៌មានជាតិ
អ្នកជំនាញអចលនទ្រព្យ និងហិរញ្ញវត្ថុ លើកពីបញ្ហាប្រឈម-ដំណោះស្រាយរវាងម្ចាស់គម្រោង និងអតិថិជន
វិស័យអចលនទ្រព្យបានកំពុងបង្ករូបភាពអវិជ្ជមានជាបន្តបន្ទាប់រវាងម្ចាស់គម្រោង និងអតិថិជន។ ជាក់ស្តែងគម្រោងធំៗ ដែលកំពុងមានបញ្ហាជាមួយអតិថិជន រួមមាន គម្រោងក្រុមហ៊ុនបុរីពិភពថ្មី, បុរី KP ម៉ន ដានី, បុរីវីអាយភី និងគម្រោងផ្សារបោះដុំទំនិញ TCC នៅអូឬស្សី ជាដើម។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល មើលឃើញថា ភាពធូររលង់របស់អាជ្ញាធរដែលទទួលខុសត្រូវលើការផ្តល់អាជ្ញាបណ្ណ ឬការគ្រប់គ្រង់គម្រោងអភិវឌ្ឍធ្វើឱ្យបញ្ហាក្លាយជាមហារីកអតិថិជនទិញផ្ទះមិនបានផ្ទះ ទិញដីមិនបានដី។
លោកឧកញ៉ា បានបន្តថា កត្តាទាំងនេះកើតឡើងដោយសារទី១ ម្ចាស់គម្រោងមិនមានលុយគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ, ទី២ មានច្បាប់តែការអនុវត្តធូររលង់ ពោលគឺជំងឺមិនទាន់កើតមិននាំគ្នាការពារ បែរជាចាំជំងឺកើតហើយទើបព្យាបាល។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់ថា ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន ភាគីរដ្ឋាភិបាល ដែលជាអាជ្ញាធរមានសមត្ថកិច្ច ជាមួយម្ចាស់ដី អ្នកអភិវឌ្ឍ និងអតិថិជន ក្នុងការរកវិធីសាស្រ្តដោះស្រាយបន្ធូរបន្ថយគ្នាទៅវិញទៅមក ឆ្ពោះទៅរកយុទ្ធសាស្រ្តឈ្នះឈ្នះ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាវិនិយោគិនមួយរូបនៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពដែលកំពុងប្រឈមរវាងម្ចាស់គម្រោងអចលនទ្រព្យជាបុរី ផ្សារ ជាមួយអតិថិជន នាពេលបច្ចុប្បន្ននេះ កើតឡើងដោយសារគម្រោងមួយចំនួនលក់បណ្តើរ អភិវឌ្ឍគម្រោងបណ្តើរ។ គម្រោងមួយចំនួនមានភាពបរាជ័យមិនដល់គោលដៅ ដោយសារស្ថានភាពកូវីដ-១៩ និងសេដ្ឋកិច្ចសកល ធ្វើឱ្យតម្រូវការមិនមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់គោលដៅ មិនអាចប្រមូលប្រាក់យកមកសាងសង់បានជោគជ័យ។
ម្យ៉ាងវិញទៀត នៅក្នុងដំណាក់កាលលក់ គម្រោងខ្លះបានផ្តល់ការបង់រំលស់ដោយមិនមានភាពស្មុគស្មាញ ឬប្រាក់តម្កល់មុននោះទេ ដោយចាប់ផ្តើមបង់តែម្តង មិនមានការសិក្សាពីលទ្ធភាព ហានិភ័យ ពោលគឺម្ចាស់គម្រោងចុះកុងត្រាជូនអតិថិជនងាយៗ។ បញ្ហានេះ អតិថិជនជាច្រើន ដែលមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនបានគិតគូពីហានិភ័យ គ្មានប្រាក់បម្រុង, ឧទាហរណ៍៖ «ពួកគាត់រកបានប្រាក់ ៥០០ដុល្លារ បង់ ៣០០ដុល្លារ សល់ ២០០ដុល្លារសម្រាប់ចាយ ដែលនេះជាបញ្ហាធំ»។

លើសពីនេះទៀត លោក ង៉ែត ជូ បានបន្តថា ដើមចមដែលធំនាំឱ្យកើតមានបញ្ហា គឺអំឡុងពេលអភិវឌ្ឍ និងការលក់គម្រោង ដែលអាចប្រឈមហានិភ័យទាំងម្ចាស់គម្រោង និងអតិថិជន ដោយមិនបានវិភាគល្អិតល្អន់ បូកផ្សំនឹងដំណាក់កាលនៃការបង់ប្រាក់ ខណៈគម្រោងខ្លះពុំមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបញ្ចប់គម្រោង ដោយសារការលក់បានតិច។
ដោយឡែកគម្រោងខ្លះទទួលបានជោគជ័យក្នុងការលក់ តែអតិថិជនជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចដាក់សម្ពាធ ចំណូលថយចុះធ្វើឱ្យជួបវិបត្តិជីវភាពគ្រួសារ នាំឱ្យមានបញ្ហាក្នុងការបង់ជូនម្ចាស់គម្រោង។
បើតាមលោក ង៉ែត ជូ មូលហេតុ គឺកើតឡើងនៅដំណាក់កាលលក់ ក្រោយការលក់ ការបង់ និងសម្ពាធសេដ្ឋកិច្ច។
ទោះយ៉ាងណា អ្នកជំនាញហិរញ្ញវត្ថុរូបនេះ មើលឃើញថា ម្ចាស់គម្រោងអភិវឌ្ឍបុរីខ្លះ មានការយកយល់ច្រើន ដោយមានការពន្យារចំពោះការបង់ប្រាក់ ដល់អតិថិជនដែលខ្វះលទ្ធភាព ប៉ុន្តែទោះមានការសម្រួលបែបនេះក្តី ក៏អតិថិជនមួយចំនួន នៅតែមិនអាចមានលទ្ធភាពក្នុងការបង់។
លោក ង៉ែត ជូ បានកត់សម្គាល់ឃើញថា នៅក្នុងកាលៈទេសៈនេះ គ្រប់ភាគីទាំងអស់ គឺសុទ្ធតែមានវិបត្តិ ពោលគឺមានសម្ពាធទាំងអ្នកទិញ និងអ្នកលក់។ ក្នុងនោះអ្នកទិញធ្លាក់ចុះចំណូល មិនមានលទ្ធភាពបង់ទៅម្ចាស់គម្រោង ឯម្ចាស់គម្រោងក៏មានសម្ពាធ ដោយសារការវិនិយោគតែងប្រើហិរញ្ញប្បទានកម្ចីពីធនាគារឬប្រភពផ្សេងៗ មកអភិវឌ្ឍគម្រោង ដូច្នេះក៏ត្រូវជាប់បំណុលផងដែរ។ «ខ្ញុំសូមឱ្យមានការអាធ្យាស្រ័យពិភាក្សាគ្នារកដំណោះស្រាយ ទាំងភាគីអ្នកអភិវឌ្ឍ និងអតិថិជន មិនមែនម្ចាស់គម្រោងចេះតែគាបសង្កត់អតិថិជន ហើយអតិថិជនទាំងអស់មិនត្រូវកន្ទេលធំបន្លំដេក មានលទ្ធភាពបង់ដែរ តែមិនព្រមបង់ ត្រូវមានស្មារតីដោះស្រាយអនុគ្រោះឱ្យគ្នាជាជាងចោទប្រកាន់ដាក់គ្នា ធ្វើឱ្យបញ្ហាសង្គមនេះមានភាពធ្ងន់ធ្ងរនោះទេ»។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ។
ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកលលោកឧកញ៉ា សំ សុខនឿន បានលើកឡើងថា បញ្ហាទាំងអស់ បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋថយចំណូល ប៉ះពាល់ដល់ការបង់ប្រាក់ទៅឱ្យម្ចាស់គម្រោង ដែលធ្វើឱ្យរងគ្រោះទាំងអស់គ្នា។ ទោះយ៉ាងលោកឧកញ៉ា វាយតម្លៃថា នាថ្ងៃអនាគតការទិញលក់ វិស័យអចលនទ្រព្យយ៉ាងយូរ ៣-៤ឆ្នាំខាងមុខ នឹងមានចលនាអភិវឌ្ឍរស់រវើកល្អប្រសើរឡើងវិញ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ