ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សង្គមកិច្ច ៖ ជនមានពិការភាពច្រៀងតាមភ្លើងស្តុប ប្រឈមបញ្ហាធំៗ ចំនួន ៤
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងថា ជនមានពិការភាពច្រៀងតាមភ្លើងស្តុប ប្រឈមនឹងបញ្ហាធំៗ ចំនួន ៤ គឺ ៖ ទី១-ស្ថានភាពសុខភាព ,ទី២-គ្រោះថ្នាក់ចរាចរណ៍ ,ទី៣-សេចក្ដីថ្លៃថ្នូរ ,និងទី៤-កិត្តិយសជាតិ។

ថ្លែងក្នុងជួបសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០ រូប ដែលច្រៀងនៅតាមសាធារណៈ កាលពីថ្ងៃទី ២ វិច្ឆិកា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តថា សកម្មភាពរបស់ជនមានពិការភាពដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះបានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំងដូចជា ស្ថានភាពសុខភាព គ្រោះថ្នាក់ចរាចរណ៍ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសជាតិ។
លោកបានបន្តទៀតថា «ដូចបងប្អូនបានដឹងហើយថា ប្រទេសយើងមានអាកាសធាតុប្រែប្រួលមិនទៀង ពេលខ្លះក្ដៅខ្លាំង មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ដែលទាំងនេះអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពបងប្អូន។ នៅតាមផ្លូវសាធារណៈ និងភ្លើងស្តុបនានាសម្បូរទៅដោយយានយន្តធ្វើចរាចរណ៍យ៉ាងមមាញឹក ហើយមានពេលខ្លះ ការបើកបរមានការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត របួសស្នាម ឬធ្វើឲ្យមានពិការភាពផ្សេងទៀត»។
លោកបានបន្ថែមថា «ផ្នត់គំនិតរបស់ប្រជាជនយើងអាចវាយតម្លៃថា សកម្មភាពរបស់បងប្អូន គឺជាការសុំទានដែលមិនមែនជាសកម្មភាពលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បងប្អូន ដែលផ្ទុយពីប្បញ្ញត្តិ នៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព និងច្បាប់ជាតិរបស់យើង ហើយសកម្មភាពរបស់បងប្អូននៅតាមទីសាធារណៈមិនបានជួយលើកមុខមាត់ប្រទេសជាតិយើងឡើយ តែវាបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ហើយប៉ះពាល់ដល់វិស័យទេសចរណ៍យើងផងដែរ»។
លោកបានបញ្ជាក់ថា កន្លងមក ក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ បាននិងកំពុងអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព និងលិខិតុបករណ៍ជាតិ និងអន្តរជាតិយ៉ាងពេញលេញ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅ លុបបំបាត់ការរើសអើង និងជំរុញការចូលរួមក្នុងសកម្មភាពសង្គមរបស់ជនមានពិការភាព។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានលើកឡើងថា បើសិនពលរដ្ឋជនមានពិការភាពចង់បានបណ្ណពិការភាព គួរត្រឡប់ទៅស្រុកកំណើតដែលមានទីលំនៅដ្ឋាន ដើម្បីអាចធ្វើអត្តសញ្ញាណបណ្ណបាន ដោយឡែកចំពោះស្នាក់នៅរាជធានីភ្នំពេញ លុះត្រាតែមានទីលំនៅ។

លោកស្រីបានបន្តថា ជនមានពិការភាពជាច្រើននាក់បានលើកសំណើដូចគ្នាៗ ដោយស្នើឲ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមានលទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជួយសម្រួលឲ្យពួកគេបន្តច្រៀងនៅតាមភ្លើងស្តុប ហើយស្នើឲ្យក្រសួង ពិនិត្យមើលលទ្ធភាពដល់ជនមានពិការភាពបានចូលក្របខណ្ឌរដ្ឋ។
លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកទឹកចិត្តដល់ពលរដ្ឋមានពិការភាព ក្រៅពីច្រៀងតាមភ្លើងស្តុប គួរស្វែងរកមុខរបរសមរម្យណាមួយ ដោយរកកម្ចីពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។

ជាការឆ្លើយតប លោក ឯម ច័ន្ទមករា នឹងយកសំណើពលរដ្ឋទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយជនមានពិការភាពមានជីវភាពល្អប្រសើរឡើងវិញ ព្រោះថារាជរដ្ឋាភិបាលមានគោលនយោបាយផ្តល់របបឧបត្ថម្ភជូនដល់អ្នកមានពិការភាព ប៉ុន្តែពុំអាចជួយបានគ្រប់គ្រាន់នោះទេ។ ក្នុងនោះ លោកនឹងពិនិត្យទៅលើការកែសម្រួលលិខិតបទដ្ឋាន ដើម្បីបង្កើនរបបឧបត្ថម្ភដល់ពលរដ្ឋមានពិការភាពបន្ថែមស្របតាមសេដ្ឋកិច្ច និងតម្រូវការបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានផ្តល់យោបល់ថា ចំពោះជនមានពិការភាពណាដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ លោកនឹងរៀបចំយន្តការ និងយុទ្ធសាស្ត្រ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាជូនអ្នកមានពិការភាពទាំងអស់៕
អត្ថបទ ៖ សំអឿន






-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល