ព័ត៌មានជាតិ
រាជធានីខេត្តចំនួន ១១ បានប្រកាសមិនយកប្រាក់ផ្ញើកង់ម៉ូតូពីបេក្ខជនប្រឡងបាក់ឌុប
គិតត្រឹមព្រឹកថ្ងៃទី ០៤ វិច្ឆិកាឆ្នាំ ២០២៣ មានរាជធានីខេត្តចំនួន ១១ ហើយ បានប្រកាសមិនយកប្រាក់ពីការផ្ញើកង់ម៉ូតូរបស់បេក្ខជនប្រឡងបាក់ឌុប ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ៦ និងថ្ងៃទី ៧ វិច្ឆកា ខាងមុខនេះ។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ០៤ វិច្ឆិកានេះបានឱ្យដឹងថា រាជធានីខេត្តដែលប្រកាសមិនយកប្រាក់ពីការផ្ញើកង់ម៉ូតូពីបេក្ខជនប្រឡងរួមមានរាជធានីភ្នំពេញ ខេត្តរតនគីរី មណ្ឌលគីរី សៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ ព្រៃវែង ប៉ៃលិន កំពង់ធំ និងខេត្តពោធិ៍សាត់។
ចំណែកខេត្តផ្សេងទៀតអាចនឹងប្រកាសជាបន្តបន្ទាប់ ព្រោះថាមានខេត្តខ្លះបានប្រកាសរួចហើយគ្រាន់តែមិនបានផុសនៅលើផេករបស់ក្រសួងអប់រំប៉ុណ្ណោះដូចជាខេត្តត្បូងឃ្មុំ មិនត្រឹមមិនយកប្រាក់ពីការផ្ញើកង់ម៉ូតូពីបេក្ខជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃដល់បេក្ខជនផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានធ្វើការអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងអាជីករលក់ម្ហូបអាហារទាំងអស់សូមកុំតម្លើងថ្លៃនៅក្នុងពេលប្រឡងបាក់ឌុប ដែលនឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា «ការប្រឡងបាក់ឌុបនេះកន្លងមក ក្រសួងតែងតែឃើញមានការសហការច្រើនផ្នែក ពិសេសបើក្រឡេកមើលខាងផ្នែកផ្ទះសំណាក់ ម្ហូបអាហារ និងចំណតកង់ម៉ូតូជាដើមឃើញថា សហគមន៍អាជ្ញាធរដែនដីក៏បានចូលរួមយ៉ាងស្អិតរមួតដែរក្នុងការគាំទ្រចំពោះសិស្សានុសិស្សហើយថ្មីៗនេះយើងឃើញថា មានការផ្សព្វផ្សាយជាផ្លូវការពីខេត្តមួយចំនួនគាត់គាំទ្រកន្លែងស្នាក់នៅ កន្លែងផ្ញើកង់ម៉ូតូដល់សិស្សជាបេក្ខជនប្រឡងទូទាំងខេត្ត ដែលចូលរួមប្រឡងហ្នឹង។ អីចឹងជាក់ស្តែងអភិបាលខេត្តត្បូងឃ្មុំជាដើមគាត់បានចេញមុខប្រកាសព័ត៍មានថា គាត់នឹងឧបត្ថម្ភក្នុងការស្នាក់នៅ កន្លែងផ្ញើកង់ម៉ូតូដល់សិស្សទូទាំងខេត្តផងដែរ»។
យ៉ាងណាក៏ដោយលោកស្រីបានបន្តថា «ក្នុងនាមក្រសួងអប់រំយុវជននិងកីឡា ក៏សូមអំពាវនាវដល់សាធារណជនក៏ដូចជាអាជីវករទាំងអស់ មេត្តាចូលរួមនិងសហការនិងគាំទ្រលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ព្រោះថាពួកគាត់នឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងពេលអនាគត។ អីចឹងសូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រពួកគាត់ក្នុងការចូលរួមប្រឡងនេះហើយក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួមជាមួយពួកគាត់ដែរតាមរយៈកុំតម្លើងថ្លៃផ្ទះសំណាក់ឬម្ហូបអាហារ»។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល