ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជា-ចិន ប្ដេជ្ញារួមគ្នាលើកកម្ពស់ និងជំរុញផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន សម្រេចជោគជ័យ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានប្ដេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទាំងពីរបានដាក់ចេញ។
ឯកឧត្តម លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព (មិត្តភាពដែកថែប) សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ “ព្រះបរមរតនកោដ្ឋ” និងដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលកាន់តែមានភាពរឹងមាំ និងល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគាំទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សមិទ្ធផលជាច្រើនមានដូច ស្ពាន ថ្នល់ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន ជាដើម ដែលគម្រោងខ្លះបានបញ្ចប់ការសាងសង់ និងគម្រោងខ្លះកំពុងអនុវត្ត បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍នៅកម្ពុជា និងបានលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ជាចំណងមិត្តភាពគំរូមួយ ដែលចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច មានពលរដ្ឋជាង១,៤០០លាននាក់ បានចងសម្ព័ន្ធភាពជាមួយកម្ពុជាដែលមានពលរដ្ឋប្រមាណ១៧លាននាក់។ ចំណងមិត្តភាពនេះ មានភាពស្មោះត្រង់ ជឿជាក់ គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងឯករាជ្យភាព ព្រមទាំងបានផ្តល់ផលប្រយោជន៍ ជូនប្រទេសជាតិនិងពលរដ្ឋទាំងសងខាង។
“ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។ នេះជាប្រសាសន៍របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសមនោះ។ គួរជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត រវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរក្នុងកម្រិតថ្មីមួយទៀត។
នាឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន បានចូលរួមអបអរសាទរលទ្ធផលបោះឆ្នោតជាសកលនៅកម្ពុជា កាលពីខែកក្កដាកន្លងមកនេះ និងកោតសរសើរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរេដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា។ ឯកឧត្តមប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី រដ្ឋសភាកម្ពុជានឹងសម្រេចបាននូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន។
ឯកឧត្តម ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង ឯកឧត្តម ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទាំងប្រទេស នាពេលកន្លងមក។
ក្រៅពីការសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជានៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តាមរយៈ ឯកឧត្តម លូ ឈីនជៀន បានសំណូមពរជូនដល់ សភាប្រជាជនចិនទូទាំងប្រទេស នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងក្នុងកម្រិតគណៈកម្មការ ក្រុមមិត្តភាព និងកម្រិតអគ្គលេខាធិការដ្ឋានជាដើម។ ក្នុងនោះ សម្តេចរដ្ឋសភាធិបតី បានស្នើភាគីចិនជួយគាំទ្រនិងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីរដ្ឋសភាអាចសម្រេចបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ស្របតាមសម័យបច្ចេកវិទ្យានិងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនតំណាងរាស្ត្រ។
ជាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបាននិងតែងតែយកចិត្តទុកដាក់ ថែទាំព្រះរាជសុខភាពព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទាំងទ្វេ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ