ព័ត៌មានជាតិ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្ដីពីការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំ ប្រកបដោយបរិវត្តកម្ម
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា មានកិត្តិយសរៀបចំសិក្ខាសាលាស្ដីពី«ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំ ប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត»។
ការលើកឡើងនេះ នាឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «ការកសាងសមត្ថភាព ស្ដីពីបរិវត្តកម្មភាពជាអ្នកដឹកនាំក្នុងវិស័យមុខងារសាធារណៈ សម្រាប់មន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងទីម័រខាងកើត» នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា មានកិត្តិយសរៀបចំសិក្ខាសាលាស្ដីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» ក្នុងវិស័យមុខងារសាធារណៈដ៏មានសារៈសំខាន់នេះ ស្របពេលដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ចូលកិច្ចការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ ទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តក្នុងអាណត្តិទី ៧»។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមថា វេទិកា នៃ«បរិវត្តកម្មភាពជាអ្នកដឹកនាំ» នាពេលនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំទាំងអស់ មកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូក និងមន្ត្រីកម្ពុជា ដើម្បីជួបចែករំលែកការអនុវត្តល្អៗពីគ្នាទៅវិញទៅមក ដោយជឿជាក់ថា ភាពជាអ្នកដឹកនាំមានភាពសំខាន់ និងចាំបាច់ សម្រាប់កំណែទម្រង់វិស័យមុខងារសាធារណៈ។
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ពិតណាស់ ក្នុងរយៈពេល ៥៦ ឆ្នាំ កន្លងមកនេះ អាស៊ាន ដែលត្រូវបានស្គាល់ថាជាសហគមន៍សន្តិភាព សុវត្ថិភាព ស្ថិរភាព ថាមភាព និងវិបុលភាព របស់យើង បានរីកលូតលាស់ជាប្រចាំ។ ហើយ អាស៊ាន ទទួលបានបទពិសោធន៍ក្នុងការក្លាយខ្លួនជាតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី ៥ លើពិភពលោក ព្រមទាំងអាចបន្តវិវឌ្ឍឈានទៅមួយកម្រិតទៀត នៅឆ្នាំ ២០៣០ បើតាមការព្យាករណ៍។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា តែទោះបីជាយ៉ាងនេះក្តី យើងទាំងអស់គ្នា បាននិងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលបង្កផលប៉ះពាល់ដល់សុខទុក្ខ នៃមនុស្សផងទាំងពួង ជាពិសេសស្ថានភាពក្រោយជំងឺកូវីដ-១៩ ក៏ដូចជាផលជះបណ្ដាលមកពីសង្គ្រាមអូសបន្លាយនានា រួមទាំងកត្តា សង្គម សេដ្ឋកិច្ច នយោបាយដទៃទៀត លើពិភពលោក។ ក្នុងន័យនេះ ប្រជាជន និងថ្នាក់ដឹកនាំរបស់សហគមន៍អាស៊ាន រួមទាំងអាស៊ានបូក ចាំបាច់ត្រូវស្រាក់ដៃសហប្រតិបត្តិការរួមគ្នាលើសពីពេលណាទាំងអស់ ដើម្បីដោះស្រាយវិបត្តិដែលយើងបាន និងកំពុងប្រឈម ក្នុងគោលដៅសម្រេចបាននូវប្រយោជន៍រួមគ្នា។
ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានជូនពរដល់ប្រតិភូដែលចូលរួមទាំងអស់ សូមទទួលបានជោគជ័យ និងទទួលបានពុទ្ធិជាច្រើនចេញពីសិក្ខាសាលា។ ហើយសូមឲ្យដំណើរកម្សាន្តនានា លើទឹកដីអង្គរ ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានតែភាពរីករាយ ជាមួយអនុស្សាវរីយ៍ល្អៗ។
សូមបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលានេះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសិក្ខាកាមមកពីក្នុងតំបន់អាស៊ាន ក្នុងគោលបំណង ៖ (១)ពង្រឹងសមត្ថភាពមន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត លើជំនាញបរិវត្តកម្ម នៃភាពជាអ្នកដឹកនាំ ដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍ និងគុណតម្លៃស្នូល នៃអ្នកដឹកនាំ និងប្រើប្រាស់ចំណេះដែលបានមកពីសិក្ខាសាលានេះ ទៅដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងអង្គភាពរៀងៗខ្លួន (២)អភិវឌ្ឍន៍សមត្ថភាពបរិវត្តកម្ម នៃភាពជាអ្នកដឹកនាំដល់មន្រ្តីជាន់ខ្ពស់ដែលជាអ្នកគ្រប់គ្រងអង្គភាព ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងអង្គភាព តាមរយៈការចែករំលែកនូវបទពិសោធន៍ ឧត្តមានុវត្តន៍ វិធីសាស្ត្រ យុទ្ធសាស្ត្រល្អក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរ និងការផ្តល់សេវាសាធារណៈ (៣) លើកទឹកចិត្តឲ្យមានការបង្កើតបណ្តាញទំនាក់ទំនង ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងវាគ្មិន សិក្ខាកាមអន្តរជាតិ និងសិក្ខាកាមជាតិ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ