ព័ត៌មានជាតិ
ប្រឡងបាក់ឌុបថ្ងៃទី១ នៅមណ្ឌលភ្នំពេញមានមេប្រយោគ និងបេក្ខជនអវត្តមានជាង៦០០នាក់ និងមានបញ្ហាសុខភាព៤នាក់
ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមណ្ឌលប្រឡងភ្នំពេញមានមេប្រយោគ និងបេក្ខជនអវត្តមានប្រមាណជាង៦០០នាក់ ក្នុងចំណោមមេប្រយោគនិងបេក្ខជនជិត៣ម៉ឺននាក់ និងមានបញ្ហាសុខភាពចំនួន៤នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅរាជធានីភ្នំពេញ បេក្ខជនដាក់ពាក្យប្រឡងចំនួន២៥៦៩៥នាក់ មាន៣១មណ្ឌលត្រូវជា១ ០៤២បន្ទប់ និងមានគណៈមេប្រយោគសរុប៣៣៩០នាក់។

លោកបានបន្តថា នៅថ្ងៃទី១នៃការប្រឡងនេះ មានមេប្រយោគអវត្តមានចំនួន១២នាក់ ត្រូវជា០,៣៥% និងបេក្ខជនអវត្តមានចំនួន៦០៣នាក់ ត្រូវជា ២,៣៥%។ លោកបានបន្តថា ក្នុងនោះពេលព្រឹកមានមេប្រយោគអវត្តមាន៩នាក់ និងបេក្ខជនអវត្តមាន៥៦២នាក់ ខណៈពេលរសៀលមានមេប្រយោគអវត្តមាន៣នាក់ និងជនអវត្តមានចំនួន៤១នាក់។
លោកបានបន្តទៀតថា នៅថ្ងៃប្រឡងទី១មានបេក្ខជនមានបញ្ហាសុខភាពចំនួន៤នាក់ក្នុងនោះនៅមណ្ឌលវិទ្យាល័យវត្តកោះ១នាក់។ ប៉ុន្តែក្រោយពីការព្យាបាលរបស់គ្រូពេទ្យរួចមកបេក្ខជនអាចបន្តធ្វើកិច្ចការនៅក្នុងបន្ទប់សុខភាពបាននៅមណ្ឌលវិទ្យាល័យឬស្សីកែវ១នាក់ និងមណ្ឌលវិទ្យាល័យទួលទំពូង២នាក់ តែអាចប្រឡងបាននៅបន្ទប់គណកម្មការក
ណ្តាល។

លោកបានបន្ថែមទៀតថា ចំណែកស្ថានភាពមណ្ឌលប្រឡងវិញមានសភាពស្ងប់ស្ងាត់ល្អដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ។ រីឯនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរមានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ និងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង
អាជិវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

យោងតាមក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ថ្ងៃទី១នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់(ក្នុងនោះបេក្ខជនស្វៃរិន១ ៧៣២នាក់ ស្រី៧២៤នាក់) ស្មើនឹង ១,៥៥ភាគរយ មានបញ្ហាសុខភាព៣៨ករណីដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន០៤ករណីនិងមានបេក្ខជនចំនួន០៣រូបជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យបន្ទាប់ពីអាការបានធូរស្រាលលើកលែង០៣ករណី។ ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនតូចមិនអំណោយផលមានភ្លៀងធ្លាក់ដោយកន្លែង។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អសម្រាកនិងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦វិច្ឆិកា២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀតព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ
យុវជននិងកីឡា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ