Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់​មូលដ្ឋាន

បានផុស

នៅ

ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ឱកាស​ការងារ​ដ៏​សម្បូរ​បែប​ដល់​មូលដ្ឋាន ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ចល័ត​មួយ ក្នុងនោះ​សិស្ស​និស្សិត និង​សាធារណជន​បាន​អបអរ​សាទរ​និង​បាន​លើកឡើង​ថា ​ការផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់​មូលដ្ឋាន​នេះ​គឺមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការស្វែងរក​ការងារ​ធ្វើ​ដោយផ្ទាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​ការរៀបចំ​វេទិកា​ការងារ និង ពិព័រណ៍​ការងារ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បា​ម​ប្រមូល​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​តាមរយៈ​មធ្យោបាយ​ជាច្រើន ដូចជា​តាមរយៈ​គេហទំព័រ ហ្វេ​ស​ប៊ុ​ក​ផេ​ក និង​បណ្តាញ​សង្គម​ផ្សេងៗ ក្នុងនោះ​ក៏មាន​ការផ្សព្វផ្សាយ​ទៅដល់​មូលដ្ឋាន​ផ្ទាល់​តាមរយៈ​រថយន្ត​ចល័ត​ផងដែរ​។​

​រថយន្ត​ចល័ត​របស់ NEA បានចេញ​ដំណើរ​ជា​រៀងរាល់ថ្ងៃ​ទៅតាម​ទីតាំង​មូលដ្ឋាន​នានា​ដោយ​សហការ​ជាមួយ​សហភាព​សហ​ព័​ន្ធ​យុវជន​កម្ពុជា​( ស​.​ស​.​យ​.​ក​.) ដើម្បី​ចុះទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​ការងារ​ក្នុងស្រុក​យ៉ាង​សម្បូរបែប​និង​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

និស្សិត​មួយ​រូប ឈ្មោះ អ៊ុត ជី​ណា ជា​និស្សិត​ឆ្នាំ​ទី ១ នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ យល់ឃើញថា​ ការ​ចុះ​ផ្សព្វផ្សាយ​ផ្ទា​ល់ពី​NEA មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ព័ត៌មាន​ទីផ្សារការងារ​ព្រោះ NEA បាន​នាំមក​នូវ​ដំណឹង​ឱកាស​ការងារ​ក្រុមហ៊ុន​ផ្សេងៗ ដែល​និស្សិត​រូប​មិនដឹង​ព្រមទាំង​ទទួល​បាន​បទពិសោធន៍​ក្នុងការ​រៀបចំ​ប្រវត្តិរូប​សង្ខេប​CV និង​ការត្រៀមខ្លួន​ចាប់យក​ឱកាស​ការងារ​នាពេល​អនាគត​។

និស្សិត​រូបនេះ​និយាយថា « ខ្ញុំ​សប្បាយរីករាយ និង​អរគុណ​ដល់​ក្រុមការងារ NEA ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​នៅ​សាលា ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ជា​និស្សិត​ទទួល​ព័ត៌មាន​ទីផ្សារការងារ និង​របៀប​ត្រៀមខ្លួន​ដើម្បី​ទទួលបាន​ការងារ​»​។

ចំណែក​ឯ​និស្សិត​ម្នាក់ទៀត​ឈ្មោះ ផាន់ សុខ​សី​រ៉ា​នុត ជា​និស្សិត​ឆ្នាំ​ទី​១ ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ក៏បាន​លើកឡើង​ផងដែរ កន្លងមក​និស្សិត​រូបនេះ​ស្រាវជ្រាវ​ព័ត៌មាន​ទីផ្សារការងារ​តាមរយៈ​ផេ​ក បណ្តាញ​សង្គម​ផ្សេងៗ តែ​នៅពេល​NEA​មកដល់​ផ្ទាល់​គឺជា​ឱកាស​មួយ​បាន​ជួប​ផ្ទា​ល់ពី​ការប្រឹក្សា​យោបល់​ស្វែងរក​ការងារ​ធ្វើ​ផងដែរ​។​

​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហ៊េ​ល រចនា រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយថា ការផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារការងារ​ពី​NEA ដោយផ្ទាល់ គឺ​បានដឹង​ភ្លាមៗ​ពី​ទីផ្សារការងារ​ដែល​ក្រុមហ៊ុន​កំពុង​ជ្រើសរើស​បុគ្គលិក ហើយ​អ្នកស្រី​នឹង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន និង​ក្រុមគ្រួសារ​បន្ត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

យោងតាម NEA បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ការងារ​ចល័ត បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង ផ្សព្វផ្សាយ​សេវា​ការងារ​បស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ( NEA) ដល់​ជន​គោលដៅ​រួមមាន យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​។

មជ្ឈមណ្ឌល​ការងារ​ចល័ត​មាន​ផ្តល់​សេវា​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ដល់​មូលដ្ឋាន ផ្តល់​សេវា​ប្រឹក្សា​យោបល់​ការងារ និង អាជីព និង​បណ្ណាល័យ​ការងារ ផ្តល់ព័ត៌មាន​អប់រំ បណ្តុះបណ្តាល​ជំនាញ និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ និង​ទទួលបាន​ការស្វែងរក​ការងារ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ជាមួយ​មជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​NEA​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ក្រសួង​បាន​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​ពង្រឹង​យន្ត​ការផ្តល់សេវា​មុខរបរ និង​ការងារ​ឲ្យ​កាន់​តែមាន​វិសាលភាព​គ្រប់​ដណ្តប់​ទូលំទូលាយ និង ខិតជិត​អ្នកប្រើប្រាស់​សេវា​ប្រកប​ដោយមាន​ប្រ​សិ​ទ្ឋ​ភាព តាមរយៈ​មជ្ឈមណ្ឌល​ការងារ​រាជធានី ខេត្ត មជ្ឈមណ្ឌល​ការងារ​ចល័ត គេហទំព័រ កម្មវិធី​លើ​ទូរស័ព្ទ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ព្រមទាំង​វេទិកា​ការងារ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ ក្រសួង​សម្រេចបាន ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ចំនួន ១១,១៧២​នាក់ ហើយ​មាន​អ្នកទទួលបាន​ការងារ​ធ្វើ​ចំនួន ១,៤៧២ នាក់ និង​មាន​អ្នកស្វែងរក​ការងារ​ធ្វើ​ទទួលបាន​សេវា​ប្រឹក្សា​យោបល់​អាជីព​ការងារ និង​វិជ្ជាជីវៈ ១៣,៣២០ នាក់​។ បន្ថែម​លើស​នេះ NEA ក៏មាន​ការរៀបចំ​ពិព័រណ៍​ការងារ​ចល័ត បាន​ចំនួន ៥៦​ដង មាន​អ្នកចូលរួម​សរុប​ចំនួន ១៦,៧០០​នាក់ និង​បានរៀបចំ​វេទិកា​ការងារ​បាន​ចំនួន ២៨​ដង​ដែលមាន​ចូលរួម​សរុប​ចំនួន ៨,០៤៩​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម