ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ អំពាវនាវយុវជនក្រីក្រ និងងាយរងគ្រោះ ចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ ទទួលបានឱកាសការងារល្អៗ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រៀមខ្លួនចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលខាងមុខនេះដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារល្អៗ ចូលរួមលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៨ នៅថ្ងៃទី ១១ វិច្ឆិកា នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសិក្សាជំនាញវិជ្ជាជីវៈដែលមានរយៈពេល ៤ ខែនេះ យុវជនមិនត្រឹមតែទទួលបានការសិក្សាជំនាញថ្មីៗ បច្ចេកទេស និងព័ត៌មានវិទ្យាឌីជីថលប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លារ ក្នុង ១ ខែ ពីរាជរដ្ឋាភិបាលផងដែរ។

លោករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជន និងអាណាព្យាបាល សូមជ្រើសរើសនូវវិធាន ឬផ្លូវណាដែលខ្លី លឿន អាចបង្កើតការងារ និងបង្កើតប្រាក់ចំណូលអាចជួយដល់ក្រុមគ្រួសារចាកចេញពីភាពក្រីក្រ និងមានឱកាសអភិវឌ្ឍន៍ខ្លួនឯងបន្តទៀត។

លោករដ្ឋមន្ត្រី បានបន្តថា យុវជនដែលចូលរៀនសាលាវិជ្ជាជីវៈទាំងអស់ នឹងរៀនបណ្តើរ និងចុះហាត់ការនៅតាមរោងចក្រសហគ្រាសក្រុមហ៊ុននានា ដើម្បីដកស្រង់បទពិសោធន៍ផ្ទាល់ពីអ្នកជំនាញ និងអាចបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ថែមទាំងមានឱកាសទទួលបានការងារល្អៗ នៅសហគ្រាសនោះ ពេលបញ្ចប់ការហាត់ការផងដែរ។ ប៉ុន្តែវាទាមទារយុវជនត្រូវចូលរួមរៀនឲ្យចប់ រៀនឲ្យចេះ ទើបទទួលបានឱកាសការងារធ្វើ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា យុវជនដែលចូលរៀនជំនាញ ក៏អាចទទួលបានការសិក្សានូវបច្ចេកទេសថ្មីៗ និងព័ត៌មានវិទ្យាឌីជីថលផងដែរ ព្រោះថាការចុះឈ្មោះ ការគ្រប់គ្រងសិស្ស និងដាក់មេរៀន គឺប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់។ ចំណែកនៅក្នុងបន្ទប់សិក្សាមានការបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗ និងនៅកន្លែងរោងជាង និងឡាបូ ក៏មានការអភិវឌ្ឍដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា «អីចឹង ទោះបីសិស្សដែលបណ្តុះបណ្តាលនេះមានកម្រិតត្រឹមសញ្ញាបត្រវិជ្ជាជីវៈកម្រិត ១ ក៏ពិតមែន តែក៏មានការផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា និងបច្ចេកទេសចុងក្រោយផងដែរ។ ដូច្នេះសង្ឃឹមថា សិស្ស ១ លាន ៥ សែននាក់ ដែលនឹងបណ្ដុះបណ្ដាលរយៈពេល ៥ ឆ្នាំ ខាងមុខនេះ នឹងអាចឆ្លើយតបបានតាមតម្រូវការទីផ្សារ ហើយដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដាច់ខាតត្រូវតែមានកម្លាំងពលកម្មមួយដែលមិនត្រឹមតែបណ្ដុះបណ្ដាលម្តងហ្នឹងទេ ប៉ុន្តែគាត់ត្រូវបណ្ដុះបណ្ដាលជាប្រចាំផងដែរ ដើម្បីធានាថា គាត់នៅតែអាចប្រើប្រាស់បានបច្ចេកវិទ្យាដែលកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ»។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារបណ្ដុះបណ្ដាលនេះ ត្រូវធ្វើយុទ្ធនាការបន្ថែមទៀត ដើម្បីឲ្យយុវជនបានយល់ពីសារសំខាន់ នៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឲ្យពួកគាត់មកចុះឈ្មោះចូលរៀន ខណៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នឹងប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ វិច្ឆិកា ខាងមុខនេះ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការបណ្តុះបណ្តាលនេះទទួលបានជោគជ័យទៅបានអាស្រ័យមានការចូលរួមពីគ្រប់ភាគី រួមទាំងវិស័យឯកជន ពិសេសយុវជនខ្លួនឯងផងដែរ។ ដូចនេះ យុវជន ១ លាន ៥ សែននាក់ ត្រូវចាំថា មានតែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទេ ដែលនឹងធ្វើឲ្យបងប្អូនមានជំនាញមួយពិតប្រាកដ ដោយរៀនបណ្តើរ ហាត់ការបណ្តើរ នឹងអាចទទួលបានការងារភ្លាមៗ ព្រមទាំងជួយលើកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច