Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យជនបរទេសក្លាយ​ជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ នៅកម្ពុជាឡើយ

បានផុស

នៅ

វិស័យឯកជន បានស្នើរាជរដ្ឋាភិបាល ឱ្យជនបរទេសមានសិទ្ធិទិញផ្ទះ និងដីស្របច្បាប់នៅកម្ពុជា ដើម្បីជំរុញវិស័យ​អចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណើរនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិ​យុត្តពាក់ព័ន្ធ មិនបានអនុញ្ញាតឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចក្លាយជាកម្មសិទ្ធិលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល និងនីតិបុគ្គល ដែលមានសញ្ញាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ សម្តេចថ្លែងបែបនេះនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបន្តដូច្នេះថា« ខ្ញុំគិតថា ចំពោះការដោះស្រាយបញ្ហាប្រឈមវិស័យអចលនទ្រព្យ បច្ចុប្បន្ននេះ ក៏មិនទាមទារការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ»។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីការធ្វើការសិក្សា និងពិនិត្យឡើងវិញ នូវបទដ្ឋាន​គតិយុត្តដែលមានស្រាប់ កម្ពុជា ក៏មានយន្តការផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ ឬកាន់កាប់​អចលនទ្រព្យ​ដែលមាន​សិទ្ធិស្ទើរដូចគ្នានឹងសិទ្ធិកាន់កាប់កម្មសិទ្ធិករដែរ។

ជនបរទេស (រូបវន្តបុគ្គល និងនីតិបុគ្គល) អាចធ្វើកិច្ចសន្យាទិញដីនៅប្រទេសកម្ពុជាបាន តែមិនអាចកាន់កាប់ដី​ដែលខ្លួន​បានទិញនោះជាកម្មសិទ្ធិតាមច្បាប់ក្នុងឋានៈជាកម្មសិទ្ធិករដោយផ្ទាល់បានឡើយ។ មានន័យថា លិខិតផ្ទេរ​សិទ្ធិកាន់​កាប់ដីធ្លីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) និងប័ណ្ណកម្មសិទ្ធិគ្រប់ប្រភេទ (ប្លង់រឹង) នៃដី មិនអាច​ដាក់ឈ្មោះជន​បរទេស​នៅក្នុងប្លង់ទាំងនោះក្នុងឋានៈជាកម្មសិទ្ធិករបានទេ។
បច្ចុប្បន្ននេះ ទោះបីជនបរទេស​មិនអាចមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីដោយផ្ទាល់យ៉ាងណាក្តី តែផ្អែកតាមបរិបទ​ថ្មីចុងក្រោយនេះ ជនបរទេសនអាចទិញ និងកាន់កាប់ដីនៅកម្ពុជាបាន​ដោយចាត់តាំងអ្នក​ឈ្មោះធ្វើជាម្ចាស់នៅក្នុង​ឯកសារកម្មសិទ្ធិដីធ្លី។

ជាមួយគ្នានេះ កម្ពុជា បានអនុម័តច្បាប់មួយស្តីពី បរធនបាលកិច្ច (Trust Law) និងបានប្រកាសឲ្យប្រើនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលផ្នែកខ្លះនៃច្បាប់នេះបានផ្តល់លទ្ធភាពឲ្យជនបរទេសអាចទិញដីនៅកម្ពុជាបាន តែត្រូវធ្វើលិខិត ឬកិច្ចព្រមព្រៀងបរធនបាលកិច្ច (មានទម្រង់ជាកិច្ចព្រមព្រៀងឈរឈ្មោះតំណាង) អនុលោមទៅតាមលក្ខខណ្ឌ និងវិធាន​ដែលមានចែងនៅក្នុងច្បាប់ស្តីពី បរធនបាលកិច្ច និងបទប្បញ្ញត្តច្បាប់ដែលពាក់ព័ន្ធដទៃទៀត។

ក្នុងករណីនេះ ច្បាប់តម្រូវថា អាចធ្វើជាបរធរបាលបានលុះណាតែបុគ្គលនោះទទួលបាន​អាជ្ញាបណ្ណពីបញ្ញត្តិករ​ដែល​ពាក់ព័ន្ធ ហើយបញ្ញត្តិករដែលពាក់ព័ន្ធក្នុងច្បាប់នេះ គឺសំដៅដល់ អាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ដែល​មាននិយ័តករបរធនបាលកិច្ចស្ថិតក្រោមឱវាទ អនុលោមតាមច្បាប់ស្តីពីអាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ និងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវា​ហិរញ្ញវត្ថុ​ដែលមិន​មែនធនាគារ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជាជនបរទេសពុំមានសិទ្ធិទិញដី ឬផ្ទះផ្ទាល់ដី ជាកម្មសិទ្ធិបានក៏ដោយ តែជនបរទេសអាចចុះកិច្ចសន្យាជួលអចិន្ត្រៃយ៍រយៈពេលវែងចាប់ពី ១៥ឆ្នាំ ដល់ ៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀត ស្ទើរតែដូចនឹងសិទ្ធិកម្មសិទ្ធិករដែរ រួមមាន សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញលក់ ការជួលបន្ត និងសន្តិកម្ម ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម