ព័ត៌មានជាតិ
អ្នកនាំពាក្យ លើកទឹកចិត្តបេក្ខជនប្រឡងធ្លាក់បាក់ឌុប កុំអស់សង្ឃឹម នៅមានជម្រើសច្រើនទៀត
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់បេក្ខជនប្រឡងធ្លាក់បាក់ឌុប សូមកុំអស់សង្ឃឹម ព្រោះថានៅមានជម្រើសផ្សេងៗ ជាច្រើនទៀត សម្រាប់ធ្វើដំណើរទៅថ្ងៃអនាគត ខណៈលទ្ធផល នៃការប្រឡងបាក់ឌុប នឹងប្រកាសនៅចុងខែនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀលថ្ងៃទី ១៣ វិច្ឆិកានេះថា ប្រឡងបាក់ឌុបដែលបានបញ្ចប់នៅពេលថ្មីៗនេះ តែងតែមានអ្នកជាប់ និងធ្លាក់ វាជារឿងធម្មតា នៃដំណើរការប្រឡង។
លោកស្រីបានបន្តថា សម្រាប់បេក្ខជនដែលមិនទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងឆ្នាំនេះ អាចមានជម្រើសជ្រើសច្រើន ក្នុងនោះអាចរៀនថ្នាក់ទី ១២ ឡើងវិញ ដើម្បីប្រឡងឆ្នាំក្រោយ ឬមួយអាចទៅបំពេញការងារបាន តែអាចដាក់ពាក្យប្រឡងពេលប្រកាសទទួលពាក្យប្រឡងក្នុងបេក្ខជនស្វៃរិន ឬអាចទៅចាប់យកជំនាញបច្ចេកទេស ឬរៀនផ្នែកបរិញ្ញាបត្ររងនៅក្នុងការជ្រើសរើសយកជំនាញដូចគ្នា ឬបន្តការសិក្សានៅតាមសាកលវិទ្យាល័យ។

លោកស្រីបានបន្តទៀតថា «អីចឹងក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ថា ការប្រឡងបាក់ឌុបមិនជាប់មិនមែនមានន័យថាសិស្សមិនទទួលបានជោគជ័យក្នុងឆាកជីវិតនោះទេ ពីព្រោះថា ជីវិតនឹងមានជម្រើសផ្សេងៗ ទៀត ប្អូនៗ ត្រូវតែស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់លាស់អំពីចំណង់ចំណូលចិត្ត និងទេពកោសល្យដែលខ្លួនមាន ក៏ដូចជាគោលដៅដែលខ្លួនចង់បាន។ ជារួមប្អូនៗ ត្រូវសួរខ្លួនឯងថា ត្រូវធ្វើអ្វី ត្រូវសិក្សាបន្តទៀត ឬចាប់យកអាជីពដែលខ្លួនមានបំណិនស្រាប់ហើយបន្តទៅថ្ងៃអនាគតបន្តទៀត»។
លោកស្រីបានបន្ថែមថា «ប្អូនៗ អាចមានជម្រើសផ្សេងជាច្រើនទៀត ដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្នត្រៀមខ្លួនក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ ក៏ដូចជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប្រទេសយើងនឹងទទួលវិនិយោគិនពីក្នុង និងក្រៅប្រទេសច្រើន ក្នុងនោះទាមទាររកអ្នកជំនាញបច្ចេកទេសច្រើនដែលត្រូវបំពេញការងារតម្រូវការទាំងសេវាកម្មរោងចក្រ និងការងារផ្សេងៗទៀត ដែលអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឲ្យមានសហគ្រាសធុនតូច និងមធ្យម ដែលប្អូនៗអាចចាប់យកអាជីវកម្មណាមួយក្លាយជាសហគ្រិនប្រកបមុខរបររកស៊ីដោយខ្លួនឯងក៏បាន»។

ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់ ត្រូវសិក្សាខ្លួនឯងដោយស៊ីជម្រៅ ដើម្បីជ្រើសរើសយកអាជីពដែលខ្លួនមានទេពកោសល្យចូលចិត្ត និងបំណងប្រាថ្នាប្រកបវិជ្ជាជីវៈនោះនៅពេលថ្ងៃអនាគត ដើម្បីរៀនបន្តក្នុងផ្នែកនេះឲ្យកាន់តែពូកែ ព្រោះថា កម្ពុជា មានសាកលវិទ្យាល័យជាច្រើន ទាំងរដ្ឋ និងឯកជន មានគុណភាព ហើយប្អូនៗ អាចមានឱកាសដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ ៖ សំអឿន

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា