Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងចាប់ផ្ដើមដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៧ វិច្ឆិកា តទៅ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាប់ផ្ដើម​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ​តទៅ បន្ទាប់ពី​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​បាន​បញ្ចប់​រួចមក។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ដំណើរការ​កែ​សន្លឹក​កិច្ចការ​បេក្ខជន​បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ ក្រសួង​អប់រំ មាន​រៀប​កិច្ចប្រជុំ​ណែនាំ​ដល់​ក្រុមការងារ​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​បន្ត នា​ថ្ងៃ​ទី ១៧ រហូត​ដល់​ថ្ងៃ​ទី ២៦ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ថា «អីចឹង​ក្នុង​រយៈពេល​ពី​ថ្ងៃ​ទី ១៧ នេះ យើង​យក​សន្លឹក​បណ្ណ​សម្រង់​ពិន្ទុ​ដែល​បាន​មកពី​មណ្ឌល​កំណែ​នីមួយៗ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ។ បន្ទាប់ពី​បញ្ចូល​រួច ព្រីន​ឯកសារ​ចេញពី​កុំព្យូទ័រ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​បណ្ណ​សម្រង់​ពិន្ទុ​ដែល​បាន​មកពី​មណ្ឌល​កំណែ​ទាំង ១០ នៅ​រាជធានី​ភ្នំពេញ​ថា តើ​ពិតជា​ត្រូវ​គ្នា ឬក៏​អត់ ហើយ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​មើល​ដំណើរការ​ប្រឡង និង​បូក​ស្រង់​ពិន្ទុ​នេះ អាច​ទទួល​យក​បាន ទើប​រៀបចំ​ប្រកាស​ព័ត៌មាន​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា តែម្ដង»។

លោកស្រី​បាន​បន្ត​ទៀត​ថា ក្រសួង បាន​ចាប់ផ្ដើម​ដំណើរការ​ធ្វើ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង ចាប់ពី​ថ្ងៃ​ទី ៩ រហូត​ដល់​ថ្ងៃ​ទី ១៥ វិច្ឆិកា ត្រូវបាន​ធានា​យុត្តិធម៌ តម្លាភាព និង​សុក្រឹតភាព ហើយ​លទ្ធផល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា តាមរយៈ​យន្តការ​កាត់​រាល់​ក្បាល​សន្លឹក​កិច្ចការ ដោយ​ចុះ​លេខ​សម្ងាត់​លើ​សន្លឹក​កិច្ចការ ហើយ​ការ​បែងចែក​សន្លឹក​កិច្ចការ​ដល់​អ្នក​កែ​ដោយ​ឆ្លងកាត់​ដំណើរការ​ពីរ​ផ្សេងគ្នា​។ បន្ទាប់ពី​ចុះ​លេខ​សម្ងាត់​លើ​សន្លឹក​កិច្ចការ​រួច នឹង​បញ្ជូន​សន្លឹក​កិច្ចការ​ទៅ​កាន់​ក្រុម​បែងចែក​សន្លឹក​កិច្ចការ។ ហើយ​ក្រុម​បែងចែក​សន្លឹក​កិច្ចការ នឹង​បន្ត​បែងចែក​ទៅកាន់​ក្រុម​កំណែ​នីមួយៗ។ ដូច្នេះ​ក្រុម​កំណែ​គ្មាន​សិទ្ធិ​ជ្រើសរើស​ដុំ​កំណែ​ដែល​ខ្លួន​ត្រូវការ​ឡើយ។ នេះ​ជា​ការ​រក្សា​ការ​សម្ងាត់ ក៏ដូចជា​ដំណើរការ នៃ​ការ​កែ​សន្លឹក​កិច្ចការ​ប្រឡង​របស់​សិស្ស។

លោកស្រី​បន្ថែម​ទៀត​ថា «ដើម្បី​ធានា​សុក្រឹតភាព នៃ​ការ​កែ​សន្លឹក​កិច្ចការ​ប្រឡង គឺ​យើង​មាន​យន្តការ​ពីរ​។ ទី​១.​គឺ​យើង​មាន​អ្នក​កែ​ពីរ​នាក់ លើ​សន្លឹក​កិច្ចការ​តែមួយ និង​ទី​២.​គឺ​ការ​បញ្ចូល​ពិន្ទុ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ត្រូវ​បាន​ធានា​ត្រឹមត្រូវ ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​អនុ​គណៈកម្មការ​ផ្ទៀងផ្ទាត់​ពិន្ទុ​លើ​សន្លឹក​កិច្ចការ​ជាមួយ​នឹង​ពិន្ទុ​ដែល​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​»។

គួរ​ជម្រាប​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៦ វិច្ឆិកា ២០២៣ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី ៦ និង​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដែល​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែក​ជា ២២៧ មណ្ឌល​ប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មាន​បេក្ខជន​អវត្តមាន​សរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃ​បេក្ខជន​ចុះឈ្មោះ​សរុប​(​ក្នុង​នោះ​បេក្ខជនស្វៃរិន​អវត្តមាន​ចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់​)។

បេក្ខជន​មាន​បញ្ហា​សុខភាព ៨៥ ករណី ក្នុង​នោះ​បេក្ខជន​មាន​បញ្ហា​សុខភាព និង​មិន​អាច​បន្ត​ការ​ប្រឡង​បាន​ចំនួន ៥ ករណី។ ក្រៅពី​នេះ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់ បាន​បន្ត​ការ​ប្រឡង​ជា​ធម្មតា បន្ទាប់ពី​អាការ​បាន​ធូរស្រាល និង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ។

ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា សម្រាប់​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃ​ទី ២៨ សម្រាប់​ខេត្ត​ផ្សេងៗ ព្រមទាំង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្រសួង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម