ព័ត៌មានជាតិ
ដំឡូងជ្វាធ្លាក់ថ្លៃពី ១៣០០ រៀល នៅសល់ ៣០០ រៀល កសិករមួយគ្រួសារខកចិត្តក្រោយពង្រីកផ្ទៃដីដាំសង្ឃឹមបានតម្លៃខ្ពស់
ដំណាំដំឡូងជ្វាដែលខ្មែរកាលពីសម័យដើមនិយមដាំតាមដីភូមិឋាន ដើម្បីធ្វើជានំជៀនឬកែច្នៃជានំឬបង្អែមផ្សេងៗទៀត ទៅតាមទម្លាប់ស្ទើរគ្រប់គ្នា មកដល់បច្ចុប្បន្ន ប្រជាកសិករដែលរស់នៅក្នុងខេត្តបាត់ដំបងក៏នៅតែមានអ្នកយកមកបន្តប្រកបរបរកសិកម្មមួយនេះ នៅលើទំហំដីធំៗនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដើម្បីបន្តជំនាន់ នឹងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឲ្យបានល្អប្រសើរផងដែរ។

ជាក់ស្ដែងលោក សាន រីណា ជាម្ចាស់ចម្ការដំឡូងជ្វា ដែលរស់នៅក្នុង ភូមិបួរ ឃុំបួរទូក ខាងលិច ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់ឲ្យ «កម្ពុជាថ្មី» ដឹងថា កាលពីដើមឆ្នាំ២០២៣ លោកបានដាំដំឡូងជ្វាលើទំហំផ្ទៃដីមិនច្រើនប៉ុន្មានទេ តែការប្រមូលផលបានទទួលបានល្អប្រសើរ ហើយតម្លៃទីផ្សារក៏អាចទទួលយកបាន តាមរយៈឈ្មួញមកលើកដល់ចម្ការ ហើយនាំយកទៅលក់បន្តនៅប្រទេសវៀតណាម ដោយក្នុង ១ គីឡូក្រាមលក់បានពី ១៣០០ រៀលដល់ ១៤០០រៀល។

ម្ចាស់ចម្ការរូបនេះបន្តថា ខណៈការប្រមូលផលទី១ នៃដើមឆ្នាំ២០២៣ (ដើមដៃ) ស្របតាមទីផ្សារល្អប្រសើរ លោកហាក់មានមហិច្ឆតាក៏ចាប់ផ្ដើមដាំដំឡូងជ្វាបង្កើនបន្ថែមលើទំហំដីរហូតដល់ជាង ៦ហិកតា នៃរដូវកាល (ចុងដៃ) ក្នុងឆ្នាំដដែលនេះ រហូតដល់បានហុចផលតាមក្តីរំពឹង។ ប៉ុន្តែមកដល់ពេលនេះ ស្របពេលការប្រមូលផលដំណាំកាន់តែខិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏ស្រាប់តែលោកបានខកចិត្ត ខណៈដែលក្រុមឈ្មួញឲ្យតម្លៃត្រឹមតែ ១ គីឡូក្រាម ៣០០រៀល ទៅ ៤០០ រៀលប៉ុណ្ណោះ ដោយក្រុមឈ្មួញលើកហេតុផលថាវៀតណាមផ្អាកការទទួលយកហើយ មានតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។
លោកបន្តថា «ខ្ញុំទុករងចាំមើលសិន មិនទាន់ឆ្លើយតបជាមួយឈ្មួញ ដែលធ្លាប់បានមកទទួលទិញកាលពីដើមដៃនោះនៅឡើយ ព្រោះខ្ញុំរកមើលទីផ្សារបន្ថែមនៅប្រទេសថៃសិនហើយបើសិនជាបានថ្លៃ ខ្ញុំនឹងលក់ទៅឲ្យក្រុមឈ្មួញទៅថៃវិញ ក្រែងបានកម្រៃទប់ទល់ និងការចំណាយហើយបើទីផ្សារនៅថៃវាប្រហាក់ប្រហែលគ្នា ឆ្នាំមុខខ្ញុំនឹងធ្វើដំណាំផ្សេងវិញ»។

លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មបានឲ្យដឹងថា ដំឡូងជ្វាមាននៅក្នុងស្រុកចំនួន ២នៃខេត្តបាត់ដំបង គឺស្រុកបវេល និងស្រុកភ្នំព្រឹក ដែលមានផ្ទៃដីសរុបចំនួន ៩២ ហិកតា។ លោកមិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីបានជាតម្លៃធ្លាក់ដល់កម្រិតនេះនោះទេ ខណៈដែលកសិករស្នើឲ្យខាងមន្ទីរកសិកម្ម និងមន្ទីរពាក់ព័ន្ធជួយសម្រួលទីផ្សារលើកសិផលដំឡូងជ្វាឲ្យបានសមរម្យផង ដើម្បីជួយបញ្ចៀសការខាតបង់ក្នុងការចំណាយច្រើនពេក អាចប៉ះពាល់ សេដ្ឋកិច្ចគ្រួសាររបស់កសិករដែលបានប្រកបដាំដុះដំណាំមួយប្រភេទនេះ ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង