ព័ត៌មានជាតិ
សម្តេចធិបតី ចង្អុលបង្ហាញឱ្យមានការបម្រើសេវាឱ្យបានល្អនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលខុសត្រូវ និងអាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់បម្រើសេវាឱ្យបានល្អជូនដល់អ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងថា ការមានអាកាសយានដ្ឋានបែបអន្តរជាតិ គឺជារឿងមោទនភាព ប៉ុន្តែ អ្វីដែលសំខាន់មួយទៀត គឺធ្វើយ៉ាងម៉េចឱ្យអាកាសយានដ្ឋានអន្តរជាតិនេះ ដំណើរការ និងសម្រេចបានគោលដៅរបស់វា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាត្រូវជំរុញឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ជាកម្លាំងចលករលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យមានការបម្រើសេវាផ្សេងៗ ក៏ដូចជា ការធ្វើបដិសណ្ឋាកិច្ចឱ្យបានល្អនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះផងដែរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺកើតចេញគំនិតផ្តួចផ្តើម និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយសមិទ្ធផលថ្មីនេះ កើតចេញពីការឯកភាពគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីងពីង ប្រធានាធិបតីចិន ដែលសមិទ្ធផលនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ អាកាសយានដ្ឋានអន្តរជាតិនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥១គីឡូម៉ែត្រពីក្រុងសៀមរាបនិងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

ដ្បិតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី មានទីតាំងឆ្ងាយបន្តិចពីទីក្រុងសៀមរាបនៅពេលនេះ ប៉ុន្តែ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា នៅក្នុងរង្វង់ពី១០ ទៅ២០ឆ្នាំទៀត អាកាសយានដ្ឋានអន្តរជាតិនេះ នឹងស្ថិតនៅចំកណ្តាលនៃទីក្រុងសៀមរាប ខេត្តសៀមរាប។ នេះ គឺដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបឱ្យដឹងថា នាពេលខាងមុខ ទីក្រុងសៀមរាប នឹងត្រូវពង្រីកទៅខាងស្រុកពួក។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងចាប់ផ្តើមដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០ហិកតា និងមានដីបម្រុងទុកចំនួន ១ពាន់ហិកតា ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋាន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺន ម៉ែត្រក្រឡា អាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិនេះ សាងសង់ដោយក្រុមហ៊ុនAngkor International Airport Investment(AIAI) ក្នុងទំហំទឹកប្រាក់ចំនួន៨៨០លានដុល្លារ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ពោល គឺក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ៕

-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់