ព័ត៌មានជាតិ
បែកធ្លាយរឿងជាង ១៥ ឆ្នាំ អនុប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង កើបលុយរាប់លានបាតលើការយកដីបឹងរដ្ឋជួលឱ្យរាស្ត្រធ្វើស្រែ
រឿងដ៏អាថ៍កំបាំងមួយដែលត្រូវបានគេលាក់អស់រយៈពេល ១៥ ឆ្នាំត្រូវបានបែកធ្លាយជុំវិញករណីអនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានយកដីបឹងរបស់រដ្ឋជួលឱ្យប្រជាពលរដ្ឋធ្វើស្រែអស់រយៈពេលជិត ១៥ ឆ្នាំ ដោយកើបលុយរាប់លានបាត។

ផ្ទៃដីបឹងអាងពោធិ៍ដែលជាអាងដ៏ធំមួយបន្សល់ពីរបបប្រល័យពូជសាសន៍ដែលមានបណ្ដោយជាង ២.០០០ ម៉ែត្រ និងទទឹងជាង ១.០០០ ម៉ែត្រ ដែលចាប់តាំងពីឆ្នាំ ១៩៩១ ដែលមានការធ្វើសមាហរណកម្មធ្វើឱ្យមានប្រជាពលរដ្ឋមួយចំនួនបានទៅរស់នៅលើខ្នងទំនប់បើគិតមកទល់បច្ចុប្បន្នមានប្រមាណជាង ១០០ គ្រួសារហើយ ដែលអាងនេះស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តដែលមានលោក ឡុង ផលគុណ ជាប្រធានមន្ទីរផងដែរ។
តាមការរៀបរាប់ពីលោក ទុយ អឿត មេភូមិបឹងរាំងបានបញ្ជាក់ថា ផ្ទៃដីដែលនៅក្នុងបឹងទំហំ ៥៣ ហិចតា ត្រូវបានឈ្មោះ ខៃ សុដា មានតួនាទីជាអនុប្រធានមន្ទីរធនធានទឹកយកទៅជួលឲ្យប្រជាពលរដ្ឋ ធ្វើស្រែរាល់ឆ្នាំដោយគិតតម្លៃជួលជារដូវក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ១០ គ្រួសារដែលបានជួលដីទាំងនេះសម្រាប់ធ្វើស្រែដោយក្នុងមូលរដូវតម្លៃ ២.៥០០ បាត លើដីស្រែមួយហិចតា។ តែបើក្នុងមួយឆ្នាំធ្វើស្រែបានពីរដងគឺស្មើនឹង ២ រដូវ ត្រូវបង់តម្លៃ ៥.០០០ បាត។
លោកមេភូមិបានបន្តថា បើសរុបលើផ្ទៃដីទាំង ៥៣ ហិចតា ក្នុងមួយរដូវគឺប្រជាពលរដ្ឋទាំងអស់ត្រូវបង់លុយទៅឲ្យលោក ខៃ សុដា ចំនួន ១៣២.៥០០ បាត ដោយឡែកបើមួយឆ្នាំធ្វើបានពីររដូវត្រូវបង់ចំនួន ២៦៥.០០០ បាត ហើយការចូលដីរបៀបនេះគឺលោក ខៃ សុដាបានធ្វើឡើងតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ដោយមកទល់នឹងពេលនេះគឺស្មើនឹង ១៥ ឆ្នាំហើយ។


លោកមេភូមិបានសង្កត់ធ្ងន់ថា នៅរៀងរាល់ឆ្នាំគឺមានមនុស្សពីរនាក់ដែលជាអ្នកដើរប្រមូលលុយពីប្រជាពលរដ្ឋយកទៅឲ្យលោក ខៃ សុដា ទីមួយគឺឈ្មោះ អង វ័ន្ត ជាមន្ត្រីនៃមន្ទីរធនធានទឹកចូលនិវត្តន៍ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ និងឈ្មោះ លន់ ម៉ាប់ ជាប្រជាពលរដ្ឋរស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ប៉ុន្តែនៅឆ្នាំនេះបែរជាលោក ខៃ សុដា មិនព្រមចេញមុខមកទទួលយកលុយដូចឆ្នាំមុនៗនោះឡើយ ហេតុដូច្នេះហើយទើបអ្នកទាំងពីរបានយកលុយចំនួន ២៦៥.០០០ បាត ដែលប្រមូលបាននៅឆ្នាំនេះមកប្រគល់ឲ្យលោកជាអ្នករក្សាទុកបណ្ដោះអាសន្ន។
តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក លន់ ម៉ាប់ បាននិយាយថា កាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅថ្មីៗនេះ លោកផ្ទាល់ជាមួយនឹងឈ្មោះអង វ័ន្ត បានយកលុយសម្រាប់ការជួលធ្វើស្រែមួយឆ្នាំទៅប្រគល់ឲ្យលោក ខៃ សុដា ដល់ផ្ទះដូចឆ្នាំកន្លងមកដែរ ប៉ុន្តែលើកនេះប្រពន្ធរបស់លោកខៃ សុដា បែរជាធ្វើដូចមិនដឹងរឿងអ្វីទាំងអស់ហើយក៏មិនព្រមហៅប្ដីចេញមកទទួលលុយដូចកន្លងមកដែរថែមទាំងដេញឲ្យពួកគាត់ទាំងពីរនាក់ចេញក្រៅរបងទៀតផង។
លោកបានបន្តថា រយៈពេល ១៤ ឆ្នាំកន្លងមកហើយដែលគ្រាន់តែឃើញលោកទាំងពីរនាក់ទៅដល់គឺប្រពន្ធលោកខៃ សុដាស្ទុះស្ទារចេញមកបើកទ្វារទទួលរាក់ទាក់ ថែមទាំងបានស្រែកហៅស្វាមីឲ្យចេញមកទទួលលុយទាំងទឹកមុខរីករាយផងដែរ។ ដោយឡែកតែឆ្នាំនេះគេមិនព្រមទទួលយកទើបលោកទាំងពីរយកទៅប្រគល់ឲ្យមេភូមិបឹងរាំងរក្សាទុកជាបណ្ដោះអាសន្ន បើគិតជាទឹកប្រាក់នៅក្នុងរយៈពេល ១៤ ឆ្នាំ ដែលលោកខៃសុដាទទួលយកមិនក្រោមពីរបីលានកន្លះដែលជាលុយបាតសុទ្ធនោះឡើយ។
ជុំវិញបញ្ហានេះកម្ពុជាថ្មីបានទាក់ទងទៅលោក ឡុង ផលគុណ ដែលជាប្រធានមន្ទីរធនធានទឹកដើម្បីសាកសួរអំពីបញ្ហានេះ ប៉ុន្តែត្រូវបានលោកឡុង ផលគុណ បដិសេធថាមិនដឹងរឿងអ្វីទាល់តែសោះ។ រីឯលេខទូរសព្ទអនុប្រធានរបស់ខ្លួនក៏លោកឆ្លើយថាមិនស្គាល់ដែរ។
អត្ថបទ: សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?