ព័ត៌មានជាតិ
សម្ដេចធិបតី ជំរុញឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអង្គរ ពង្រីកផែនការវិនិយោគក្នុងខេត្តសៀមរាបថែមទៀត
សម្តេចធិបតី គាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងរបស់កម្ពុជា។ ការគាំទ្ររបស់សម្ដេចធិបតី ធ្វើឡើងក្នុងជំនួបជាមួយអភិបាលខេត្តយូណាន ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោក វ៉ាង យូបូ អភិបាលខេត្តយូណាន បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ។ លោកអភិបាលខេត្តយូណាន បានលើកឡើងថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើងក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀបសាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)។

លោក វ៉ាង យូបូ ក៏បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង ៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍឱ្យមានការរីកចម្រើន។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ ស្ថិតនៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង(៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ