ព័ត៌មានជាតិ
សហគមអឺរ៉ុប និងអង្គការ FAO គាំទ្ររដ្ឋបាលជលផល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទ
អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែក នេសាទផ្សេងទៀត ដែលជាកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ។
វគ្គបណ្តុះបណ្តាលនេះ នឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានាដែលបានប្រឈម ពិភាក្សាយុទ្ធសាស្រ្ត និងផែនការអនុវត្តនានាដើម្បីដោះស្រាយ។

ជម្រកត្រីសំខាន់ៗរួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បាន ដោយគ្មានទីជម្រកដែលសំបូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ច ដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថា ធនធានត្រូវបានប្រើប្រាស់ ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នា បង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រង និងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ។ ការធ្វើការរួមគ្នាដែលយើងមានគោលដៅរួម នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។”

រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទហើយបច្ចុប្បន្ននេះកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រកសំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។
លោក ផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជាបានមានប្រសាសន៍ថា“វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព”។ លោកបន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី”។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែប នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ (Management of Fishing Effort and Fishing Capacity) និងនៅខេត្តកំពត នៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់និងពេលវេលា (Spatial Fisheries Management)និងមានអ្នកចូលរួមជាមួយតំណាងសរុប៦០នាក់អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ។ ជាជំហានបន្ទាប់ ផែនការគ្រប់គ្រងជលផលសមុទ្រនឹងត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ។
ក្រៅពីនេះ ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។
កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខណ្ឌគ្រប់គ្រងជលផល។
ចំណែក កម្មវិធី CAPFISH-Capture មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ