ព័ត៌មានជាតិ
មិនដល់ ៣ ថ្ងៃផង យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៤៤០ នាក់ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ
គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៤០ នាក់ បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈទៅលើវិស័យចំនួន ១០ នៅតាមរាជធានី-ខេត្តមួយចំនួន ប៉ុន្តែមិនទាន់ចូលសិក្សានៅឡើយទេ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្តជាផ្លូវការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱកាសឲ្យយុវជនមានជំនាញឆាប់រហ័ស និងអាចមានការងារមុខរបរសមរម្យ ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ វិច្ឆិកានេះថា ចាប់ពីរសៀលថ្ងៃទី ១៤ ដល់ល្ងាចថ្ងៃទី ១៦ វិច្ឆិកា មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៤៤៦ នាក់ ស្រី ១១៧ នាក់ បានចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងនោះ រាជធានីភ្នំពេញចំនួន ៣២៧ នាក់ ស្រី ៧៥ នាក់, បាត់ដំបង ៤៦ នាក់ ស្រី ១៦ នាក់, កណ្ដាល ១៤ នាក់ ស្រី ៥ នាក់, និងខេត្តផ្សេងចំនួន ៥៩ នាក់ ស្រី ២១ នាក់។
លោកបានបន្តថា ក្នុងចំណោម ៤៤៦ នាក់ រៀនទៅតាមវិស័យចំនួន ១០ រួមមានសំណង់សរុបមានចំនួន ៣១ នាក់ ស្រី ៥ នាក់, អគ្គិសនី និងថាមពល ៥៨ នាក់ ស្រី ៧ នាក់, អេឡិចត្រូនិក ២៩ នាក់ ស្រី ៤ នាក់, កម្មន្តសាល ១ នាក់ ស្រី , មេកានិចទូទៅ/មេកានិចរថយន្ត ៥៤ នាក់ (ស្រី ៣ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ១៦២ នាក់ (ស្រី ៥៥ នាក់) , សេវាកម្ម ១៦ នាក់ (ស្រី ១២ នាក់), បរិក្ខារត្រជាក់ និងកម្ដៅ ៣៦ នាក់ (ស្រី ១ នាក់), ទេសចរ ៣០ នាក់ (ស្រី ១៧ នាក់) , និងកសិកម្ម និងកសិ-ឧស្សាហកម្ម ២៩ នាក់ (ស្រី ១៣ នាក់)។
លោកបានបន្តទៀតថា សម្រាប់ការបើកវគ្គបណ្ដុះបណ្ដាលនៅមិនទាន់ចាប់ផ្ដើមបង្រៀននៅឡើយទេ ហើយក្រសួងកំពុងប្រឹងប្រែងផ្សព្វផ្សាយបន្តទៀតតាមរយៈគ្រឹះស្ថានបណ្ដុះបណ្ដាល អង្គភាពចំណុះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បណ្ដាញសង្គម សិល្បករ សិល្បការិនី កីឡាករ និង សិក្ខាសាលានានា ដើម្បីធ្វើយ៉ាងណាឲ្យយុវជនមកចុះឈ្មោះចូលរៀនបានច្រើនកុះករ។
លោកបានបន្ថែមថា ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះ មិនតម្រូវឲ្យបង់ប្រាក់ទេ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬក្រៅប្រព័ន្ធ ឬកម្មករនិយោជិតដែលមានបំណងចង់រៀនជំនាញបន្ថែមក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោកបានបញ្ជាក់ថា ចំពោះលក្ខខណ្ឌ នៃការចុះឈ្មោះចូលរៀនសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើតមានបណ្ណបញ្ជាក់មកពីគ្រួសារក្រីក្រ ១ ក្រីក្រ ២ ឬគ្រួសារងាយរងហានិភ័យ។ ចំណែកយុវជនស្ថិតក្នុងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងកម្មករនិយោជិត ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ដោយពួកគេអាចចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងបច្ចេកទេសនៅតាមរាជធានី-ខេត្តទូទាំងប្រទេសដោយឥតគិតថ្លៃ និងតាមរយៈប្រព័ន្ធឌីជីថលដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬមជ្ឈមណ្ឌលការងារតាមរាជធានី-ខេត្ត ចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៥។
លោកបានបន្ថែមទៀតថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាព ១០ រួមមាន ៖ សំណង់,អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ច និងព័ត៌មាន៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់