ព័ត៌មានជាតិ
សហជីព-កម្មករ ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជួយសម្រាលបន្ទុកជីវភាពគ្រួសារ
សហជីព និង កម្មករ សាទរចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ព្រោះកម្មវិធីនេះ ជួយសម្រាលបន្ទុកជីវភាពគ្រួសារក្នុងការថែទាំសុខភាព ក្រោយពីរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ការលើកឡើងរបស់សហជីព និង កម្មករ នេះ បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់កាលពីថ្មីៗនេះថា តាមការសិក្សាកន្លងមក កម្មករ-និយោជិត ឬ ប្រជាពលរដ្ឋម្នាក់ ជាមធ្យមត្រូវចំណាយ ២៥០ ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ ក្នុងមួយខែ ករណីមិនមានរបបថែទាំសុខភាព ជាហេតុធ្វើឲ្យពួកគាត់មួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះជាមួយគ្រូពេទ្យញឹកញាប់ រហូតជួនកាលបណ្ដោយឲ្យខ្លួនឈឺដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយទាន់ពេលវេលា។

ជាមួយនេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធកម្មករកម្ពុជា បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលបន្ថែមទៀតចំពោះសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការចំណាយបន្ទុកក្នុងគ្រួសារ។

លោកលើកឡើងទៀតថា «របបសន្តិសុខសង្គមនេះ ធ្វើឲ្យបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទទួលបានផលប្រយោជន៍ដូចៗគ្នា។ ដោយគ្រាន់តែបង់ភាគទាន ១ ៥៦០០ រៀល តែប៉ុណ្ណោះ ទទួលសេវាថែទាំព្យាបាលជំងឺដូចកម្មករ-កម្មការិនីដែរ»។

ចំណែកកម្មការិនីរោងចក្រម្នាក់ ឈ្មោះ ហាន មុំ បានលើកឡើងដែរថា លោកស្រីសប្បាយចិត្តនៅពេលមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ។ ក្នុងនោះ ដោយសារមានគ្រួសារជាអ្នករត់ម៉ូតូឌុប ហើយលោកស្រីចង់ឲ្យគ្រួសារមានប័ណ្ណ ប.ស.ស ដែរ ដើម្បីថែទាំសុខភាពដូចគ្នា។

កម្មការិនីរូបនេះនិយាយថា «ខ្ញុំជាកម្មការិនីរោងចក្រ មានប័ណ្ណ ប.ស.ស រួចហើយ តែគ្រួសារខ្ញុំជាអ្នករត់ម៉ូតូឌុប គាត់ចង់បានប័ណ្ណ ប.ស.ស ដែរ។ ខ្ញុំសប្បាយចិត្តពេលឮមានកម្មវិធីនេះ ព្រោះប័ណ្ណ
ប.ស.ស មានសារៈសំខាន់ណាស់ ដោយសារកន្លងមក ពេលឈឺល្មមៗ អត់ហ៊ានទៅពេទ្យទេ ដោយជីវភាពខ្វះខាត»។ កម្មការិនីរូបនេះ បន្ថែមថា ការព្យាបាលនៅមន្ទីរពេទ្យម្តងៗ លោកស្រីត្រូវចំណាយអស់ប្រហែល ១០ ទៅ ២០ ម៉ឺនរៀល តែនៅពេលមានប័ណ្ណ ប.ស.ស គឺជួយសម្រាលចំណាយច្រើនណាស់។
កម្មការិនីដដែល និយាយបន្តថា « ខ្ញុំចង់ឃើញសមាជិកផ្ទះខ្ញុំមានប័ណ្ណ ប.ស.ស ដូចៗ គ្នា ព្រោះពេលមានប័ណ្ណ ប.ស.ស អត់សូវភ័យរឿងពេលឈឺ ដោយសារអត់មានថវិកាព្យាបាល។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបង្កើតឲ្យមានកម្មវិធីនេះជួយប្រជាពលរដ្ឋ»។
គួរជម្រាបថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀល គឺអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បន្ថែមពីនេះ សម្រាប់បុគ្គលស្វ័យនិយោជន៍ជាស្ត្រីដែលបង់ភាគទានបាន ៩ ខែ ក្នុងកំឡុង ១២ ខែ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពពេលទទួលមរណភាព។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ទៀតថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះ នឹងគ្របដណ្ដប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ប្រមាណជាង ៣ លាននាក់បន្ថែម ដែលនឹងធ្វើឲ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្ដប់ប្រជាជនសរុបប្រមាណជាង ៥ លាននាក់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ