ព័ត៌មានជាតិ
មន្ត្រីកម្ពុជា-ឥណ្ឌា ចង់ឱ្យមានភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន តាមរយៈការតភ្ជាប់ជើង ហោះហើរត្រង់
មន្ត្រីជាន់ខ្ពស់កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា ចង់ឱ្យមានការរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាឱ្យមកលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា។ ការលើកឡើងនេះ បានលើកមកពិភាក្សាក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

ក្នុងជំនួបនេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានពិភាក្សាពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ដើម្បី ឈានដល់ការបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។
ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។ ភាគីទាំងពីរ ថែមទាំងបានគិតគូពីការទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។

នៅចំពោះមុខលោក វង្សី វិស្សុត, លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងនូវបំណងរបស់ឥណ្ឌាក្នុងការចង់ចែក រំលែកចំណេះដឹង និងបទពិសោធលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈសម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌាដល់កម្ពុជា ជាអាទិ៍ ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យា ហិរញ្ញវត្ថុ ជាដើម។
បើតាមលោកស្រីឯកអគ្គរដ្ឋទូត តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ច សហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌា នឹងផ្តល់ការបណ្តុះបណ្តាលជំនាញ ដើម្បីកសាងសមត្ថភាពដល់មន្ត្រីបណ្តាប្រទេសមួយចំនួន ដោយក្នុងនោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌា ក៏កំពុងរៀបចំចុះកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយក្រសួងមុខងារសាធារណៈកម្ពុជា ដើម្បីចូលរួមចំណែកកសាងសមត្ថភាពដល់មន្រ្តីរាជការកម្ពុជាដែរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញនាពេលកន្លងមក។
ទន្ទឹមគ្នានេះ លោក បានស្នើដល់ភាគីឥណ្ឌាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យលើលទ្ធភាពលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់ការកែទម្រង់ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ