Connect with us

ព័ត៌មានជាតិ

មហោស្រពសិល្បៈ “ប្រាំពីរពណ៌” បង្កើតឡើងដើម្បីលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ

បានផុស

នៅ

អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធធ្វើកម្មវិធី “ជ័យលាភីអមតៈ ឆ្នាំ២០២៣” និងសន្និសីទសារព័ត៌មានមហោស្រព “ប្រាំពីរពណ៌” កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ Factory Phnom Penh។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះក៏ជាខួប២៥ឆ្នាំ ដែលសិល្បៈខ្មែរអមតៈបានធ្វើការយ៉ាងសកម្មក្នុងវិស័យសិល្បៈវប្បធម៌។

អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយលោក អាន ចនផន ដែលជាតន្រ្តីកររស់រានពីសម័យខ្មែរក្រហម។  បច្ចុប្បន្ន អង្គការនេះមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ញ៉ាំងចិត្តអ្នកជំនាន់ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរយៈពេលជិតបីទសវត្សរ៍ ក្នុងការស្តារបានដោយជោគជ័យនូវទម្រង់សិល្បៈដែលស្ទើរតែបាត់បង់ការកសាងនិរន្តរភាព ការគាំទ្រមនុស្សវ័យក្មេងជំនាន់ក្រោយក្នុងវិស័យសិល្បៈ ការបង្កើតឱកាសការងារ ការចូលរួមផ្លាស់ប្រែប្រព័ន្ធតាមរយៈការតស៊ូមតិលើគោលនយោបាយវប្បធម៌ និងការកសាងទស្សនិកជនថ្មីសម្រាប់វិស័យសិល្បៈ បច្ចុប្បន្នសិល្បៈខ្មែរអមតៈបានវិវត្ត ការងាររបស់ខ្លួនដោយផ្តោតលើការពង្រឹងភាពច្នៃប្រតិដ្ឋ  និងអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធសិល្បៈមួយឱ្យមានភាពរឹងមាំតាមរយៈការផ្តល់មូលនិធិផ្សេងៗនិងការឧបត្ថម្ភដំឡើងស្នាដៃថ្មី។

សិល្បៈខ្មែរអមតៈក៏បានរៀបចំកម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីម៉ោង ៥:៣០នាទី ដល់ ៨:០០នាទីយប់ នៅ Factory Phnom Penh ដើម្បីប្រកាសជ័យលាភីអ្នកទទួលបានអាហារូបករណ៍​ និងមូលនិធិនានាពីអង្គការសិល្បៈខ្មែរអមតៈសម្រាប់ឆ្នាំ ២០២៣។

កម្មវិធីនេះនឹងបង្ហាញជូនទស្សនីយភាពសិល្បៈ ហើយវាក៏ជាឱកាសដែលសហគមន៍សិល្បៈអាចមកជួបជុំស្គាល់គ្នានិងចងបណ្តាញទំនាក់ទំនង។ មុនពេលកម្មវិធីនេះ នៅម៉ោង ៤:០០ ដល់ ៥:៣០ នាទី នឹងមានវេទិកាពិភាក្សាស្តីពី      «បទពិសោធនៃដំណើរការរៀនសូត្រនិងការចែករំលែកលទ្ធផលរង្វាយតម្លៃជាបឋមនៃមូលនិធិរុងរឿង» ដល់សហគមន៍សិល្បៈផងដែរ ហើយវាគ្មិននៃវេទិកានេះជាអ្នកទទួលបានមូលនិធិរុងរឿងពីសិល្បៈខ្មែរអមតៈ។

អមជាមួយនឹងការប្រកាសព័ត៌មានស្តីពីកម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣»,  នៅម៉ោង ២:៣០នាទី ដល់ ៣:៣០នាទី រសៀលនៅថ្ងៃដដែលនេះ អង្គការសិល្បៈខ្មែរអមតៈ ក៏បានធ្វើសន្និសីទសារព័ត៌មានមហោស្រព «ប្រាំពីរពណ៌» ដែលរចនាកម្មវិធីដោយយុវជន ៤ រូប ដែលមានសាវតារផ្សេងៗគ្នា ដើម្បីតំណាងសំឡេងយុវជន។

មហោស្រពនេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ ៨ ដល់ ១០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ។

នេះជាលើកទីមួយហើយដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គមនិងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ អាចទទួលបានបទពិសោធដោយផ្ទាល់ដោយប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។

លោក សុង សេង ដែលជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថានេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ។»

 លោក សុង សេង រំពឹងថា នៅពេលដែលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួល ចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួន ដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន។

លោក ឃឿន កំសត់ ជាយុវជនហាត់ការមកពីខេត្ត រតនគិរី បានលើកឡើងថា ការរចនាកម្មវិធីមហោស្រពសិល្បៈជាបទពិសោធន៍លើកទីមួយសម្រាប់លោក ហើយបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជាបុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក។

លោកបញ្ជាក់ថា៖ «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។ ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះដើម្បីពិសោធខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព។»

កញ្ញា អ៊ុក លីគួយយូ យុវជនហាត់ការម្នាក់ទៀត ដែលមានបទពិសោធន៍តិចតួចលើការរៀបចំកម្មវិធីសិល្បៈ បានរំឭកឡើងថា នាងមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ ជាពិសេសភាពយន្តឯកសារ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់កញ្ញា។

កញ្ញាបន្ថែមទៀតថា៖ «នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាស ដើម្បីឈ្វេងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជា តាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករដ៏មានទេពកោសល្យ។ តាមរយៈការចូលរួមក្នុងមហោស្រពសិល្បៈ ខ្ញុំយល់ថាយុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សារផ្លូវចិត្តពួកគេផងដែរ។»

កញ្ញា គួយយូ បញ្ជាក់ថា មហោស្រព «ប្រាំពីរពណ៌» គឺជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយនិងលើកស្ទួយវិស័យសិល្បៈខ្លួន ថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាពដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហ។

សូមបញ្ជាក់ផងដែរថា កម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» និងសន្និសីទសារព័ត៌មានមហោស្រពសិល្បៈ «ប្រាំពីរពណ៌» អាចដំណើរការទៅបានដោយបានការគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA) និង Eric & Debra៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម