ព័ត៌មានជាតិ
ប្រណាំងទូកខ្នាតអន្តរជាតិ នៅទន្លេវ៉ៃគោ ទាក់ទាញបានពលរដ្ឋចូលរួមទស្សនាច្រើនកុះករ

នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ តាមបណ្ដោយមាត់ទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបានផ្ដួចផ្ដើមឲ្យមានការរៀបចំឡើងពីសំណាក់នាយឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គ-ស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក៏ដូចជាបង្កភាពសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។ នេះបើតាមការលើកឡើងរបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយលោក ម៉ែន វិបុល អភិបាលប្រធានគណបក្សខេត្ត លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត។

សម្តេច ម៉ែន សំអន ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសកងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ ។

សម្តេច ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យបានច្រើនកុះករ ក្នុងនោះក៏មានស្តង់ពិព័រណ៍តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារជាច្រើនផងដែរ។
សូមជម្រាបថា ពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៥៧គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ-កីឡាការិនី សរុប ១.៦៣៩នាក់ (នារី ១១នាក់)៕
អត្ថបទ ៖ ភក្ដី




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ