ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ និងអ្នកវិភាគសេដ្ឋកិច្ច ៖ យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទឹកចិត្តដល់យុវជនពុំទាន់មានជំនាញច្បាស់លាស់ គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូន តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥ លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ម៉ឺនរៀល ពេលកំពុងសិក្សាទៀតផង។

លោកក៏បានអំពាវនាវបន្ថែមដល់យុវជន គួរចាប់យកជំនាញដែលខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ។ ដូចនេះ យុវជនអាចជ្រើសរើសមុខជំនាញចូលរៀនបានតាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផ្តល់ជូនដោយរាជរដ្ឋាភិបាលនៅពេលនេះ ដែលមានមុខជំនាញដល់ ទៅ ៣៨ មុខ ក្នុងវិស័យចំនួន ១០ សុទ្ធសឹងជាតម្រូវការទីផ្សារ។
លោក កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់ គួរមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័យថា ត្រូវមានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។ បន្ថែមនេះ លោក ចាត់ទុកថា ការបណ្ដុះបណ្ដាលជំនាញគឺជាស្ពានអាចឲ្យយុវជនរកចំណូលបានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្ដមសិក្សាទៀតផង។ ទន្ទឹមការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ លោក កត្តា អ៊ន ក៏ជំរុញយុវជន ត្រូវយកចិត្តទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមារយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព។
ដោយឡែកចំពោះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញនាពេលនេះ ពិតជាចាំបាច់ក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សប្រកបដោយគុណភាព មានន័យថា មានមនុស្សហើយ ត្រូវមានទាំងចំណេះដឹង សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោតលើជំនាញទន់ដូចជា ផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ ផ្តល់ឱកាសដល់យុវជនពុំទាន់មានជំនាញច្បាស់លាស់ ឬ បានបោះបង់ការសិក្សាចោល ឲ្យមកចូលរៀន ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញមួយច្បាស់លាស់វិញ។ លោកបណ្ឌិតមើលឃើញថា យុវជនមួយចំនួន នៅតែយល់ថា ការសិក្សាជំនាញបច្ចេកទេស មានកម្រិតទាបជាងការសិក្សាថ្នាក់ឧត្ដមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ជាងអាជីពដែលមានជំនាញច្បាស់លាស់ និងអាចរកចំណូលបានឆាប់រហ័ស។ លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជនរៀនមិនចប់ថ្នាក់វិទ្យាល័យទេ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ។ ហើយបន្ទាប់ពីសិក្សាបាន ២ ឬ ៣ ឆ្នាំ ពួកគេអាចបន្តសិក្សាថ្នាក់ឧត្ដមសិក្សាទៀត។
ចំណែកលោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ជំរុញដល់យុវជន ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ព្រោះពេលមានជំនាញមួយពិតប្រាកដក្នុងជីវិត ពួកគេអាចជួយខ្លួនឯង ជួយគ្រួសារបាន ដែលនេះក៏មានន័យថា បានចូលរួមជួយសង្គមជាតិដែរ។ បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដើម្បីសម្រេចបាននូវអភិក្រម “រៀនឲ្យចប់ រៀនឲ្យចេះ និងមានការងារធ្វើ” គឺត្រូវការការចូលរួមពីតួអង្គរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេស គឺ សិក្ខាកាមផ្ទាល់ខ្លួន ត្រូវតែមានវិន័យលើខ្លួនឯង ដើម្បីធានាថាពេលរៀនចប់ទទួលសញ្ញាបត្រ គឺត្រូវយកជំនាញមកធ្វើការកើត។

ជាមួយគ្នានេះ តាមការបញ្ជាក់របស់ លោក កត្តា អ៊ន សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាន នៃវគ្គសិក្សាជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ៖ ទី(១).ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) ឬ តាមរយៈគេហទំព័រ www.tvet.gov.kh ,(http://www.tvet.gov.kh/) និងទី(២).តាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន ៖ (១).ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី ១៥ ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត, និង (៤).មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ ១ និងក្រីក្រ ២) ឬ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង