ព័ត៌មានជាតិ
អ្នកជំនាញសុខាភិបាល ណែនាំពលរដ្ឋថែទាំសុខភាពឲ្យបានល្អ កំឡុងអាកាសធាតុចុះត្រជាក់
អ្នកជំនាញសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសកុមារ និងមនុស្សវ័យចំណាស់មានសុខភាពទន់ខ្សោយ ត្រូវចេះការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ដែលអាចកើតមានជាហេតុបណ្ដាលមកពីអាកាសធាតុចុះត្រជាក់នេះ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ វិច្ឆិកានេះថា «ជាធម្មតា កុមារ ប្រៀបបានដូចរុក្ខជាតិខ្ចីអីចឹងដែរ នៅពេលទទួលរងនូវឥទ្ធិពលអាកាសក្តៅពេក ឬត្រជាក់ពេក តែងតែស្លោក បើកុមារពិបាកទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង បណ្តាលឲ្យកើតជំងឺផ្លូវដង្ហើម ផ្ដាសាយ រលាកបំពង់ក រលាកសួត រលាកទងសួតជាដើម…។ ដូចនេះធ្វើយ៉ាងណាកុំឲ្យកុមារទទួលរងអាកាសធាតុត្រជាក់ខ្លាំង និងយូរ ដើម្បីការពារកុំឲ្យកុមារកើតជំងឺទាំងនេះ»។

លោកវេជ្ជបណ្ឌិត បានណែនាំដល់អាណាព្យាបាល ឬឪពុកម្តាយ ត្រូវស្លៀកពាក់ខោអាវដៃវែង ជើងវែង និងពាក់មួកដល់កុមារឲ្យបានជិត ដើម្បីរក្សាកម្ដៅក្នុងខ្លួនប្រាណឲ្យបានល្អ ហើយប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ព្រោះថាការទៅស្វែងរកគ្រូពេទ្យមានជំនាញច្បាស់លាស់ នឹងជួយធ្វើឲ្យសុខភាពកុមារបានល្អប្រសើរ និងរឹងមាំ។ ប៉ុន្តែបើសិនជាទៅស្វែងរកការផ្សំថ្នាំលេបព្យាបាលដោយខ្លួនឯង អាចធ្វើឲ្យកុមារគ្រោះថ្នាក់ដល់អាយុជីវិតបាន។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំណែកមនុស្សវ័យចំណាស់ក៏មិនខុសពីកុមារដែរ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម ដោយសារតែសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់។ ដូចនេះមនុស្សវ័យចំណាស់គួរតែស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាមក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កម្ដៅរាងកាយទៅវិញ។ គូរពាក់មួក និងស្រោមជើងនៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកម្ដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។ ត្រូវពិសាទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹកនៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។

លើសពីនេះមនុស្សពេញវ័យ ក៏ត្រូវមានការប្រុងប្រយ័ត្នដែរនៅក្នុងពេលដែលមានអាកាសធាតុចុះត្រជាក់ នេះតែគ្រាន់តែថាមនុស្សពេញវ័យមានសុខភាពរឹងមាំជាងកុមារ និងមនុស្សចាស់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជាមធ្យមនៅមន្ទីរពេទ្យកុមារជាតិក្នុង ១ ថ្ងៃៗ មានកុមារមកពិគ្រោះជំងឺក្រៅប្រមាណពី ៧០០ ទៅ ៨០០ នាក់ ភាគច្រើនមានជំងឺផ្លូវដង្ហើម ជំងឺរាករូស និងជំងឺគ្រុនឈាម។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ពី ១៨ ទៅ ៣១ អង្សាសេ ពិសេសនៅខេត្តរតនគីរី និងមណ្ឌលគីរី មានសីតុណ្ហភាពពី ១៨-១៩ អង្សាសេ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ