Connect with us

ព័ត៌មានជាតិ

សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋសភាកម្ពុជា ក្នុងបេសកកម្មកសាងសុខសន្តិភាព និងការអភិវឌ្ឍ

បានផុស

នៅ

សម្ដេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​សហព័ន្ធ​សន្តិភាព​សកល (Universal Peace Federation-UPF) ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិត Charles S. Yang ប្រធាន​សហព័ន្ធ​សន្តិភាព​សកល (UPF) ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ ក្នុង​បេសកកម្ម​ស្វែងរក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ជូន​ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​លើ​សកលលោក នា​វិមាន​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ សម្តេច​រដ្ឋសភាធិបតី បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​បេសកកម្ម​ដ៏​ល្អ​របស់​អង្គការ UPF ក្នុង​ការស្វែងរក​សន្តិភាព​ជូន​តំបន់ និង​សកលលោក។ កម្ពុជា បាន​ចូលរួម និង​គាំទ្រ​បេសកកម្ម​នេះ​ជានិច្ច ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ស្ថាបនិក​សន្តិភាព ហើយ​បាន​បន្តវេន​ដោយ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាល​ទី ៧ ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ថាមពល។

សម្តេច​រដ្ឋសភាធិបតី បាន​លើក​ឡើង​ថា UPF ក៏​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​រដ្ឋសភា​កម្ពុជា ជា​យូរ​មក​ហើយ​។ ដូច្នេះ​នៅ​ពេល​ពិភពលោក​កំពុង​ប្រឈម​នូវ​អំពើ​ហិង្សា ភាព​ស្មុគស្មាញ​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម និង​ភាព​មិន​ប្រាកដប្រជា​នោះ UPF គួរ​ស្វែងរក​លទ្ធភាព​កាន់តែ​ច្រើន​ជាមួយ​រដ្ឋសភា​កម្ពុជា ដើម្បី​បាន​ចូលរួម​ក្នុង​សកម្មភាព​ដ៏​មាន​តម្លៃ​នេះ។

សម្តេច​រដ្ឋសភាធិបតី បាន​គូស​បញ្ជាក់​ថា រដ្ឋសភា​កម្ពុជា បាន​ចូលរួម​ជាមួយ​វេទិកា​អន្តរ​សភា​ជា​ច្រើន​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព និង​កិច្ច​សន្ទនា​ដូចជា AIPA, APPF, APF, ASEP ជាដើម។

ឯកឧត្ដម​បណ្ឌិត Charles S. Yang បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​រៀបចំ​ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​បំផុត កាលពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា កន្លងមក ​ក្នុង​នោះ UPF បាន​ចូលរួម​សង្កេតការណ៍​ដោយ​ផ្ទាល់​ផង​ដែរ។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​ចូលរួម​អបអរសាទរ ជូន សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​រដ្ឋសភា និង​បាន​ប្រគល់​ជូន សម្តេច​រដ្ឋសភាធិបតី នូវ​លិខិត​អបអរសាទរ​របស់​បណ្ឌិត Hak Ja Han Moon ស្ថាបនិក UPF ជូន សម្តេច​រដ្ឋសភាធិបតី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផង​ដែរ។

ឯកឧត្តម បាន​គូស​បញ្ជាក់​ថា UPF ទាំងមូល មាន​ជំនឿ​ជឿជាក់​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​រដ្ឋ​សភា​ធិបតី ឃួន សុដារី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​នេះ នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ ជាច្រើន​ទៀត​ជូន​ជាតិ និង​ប្រជាជន។

ឯកឧត្តម​បណ្ឌិត Charles S. Yang បាន​ជម្រាប​ជូន សម្តេច​ប្រធាន​រដ្ឋសភា​ពី​លទ្ធផល​ជាច្រើន នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ UPF នៅ​កម្ពុជា ក្នុង​នោះ គណៈប្រតិភូ បាន​ទស្សនកិច្ច​វិមាន​ឈ្នះ​ឈ្នះ​ផង​ដែរ។ ឯកឧត្តម ក៏​លើកឡើង​ពី​គម្រោង​រៀបចំ​សន្និសីទ​មួយ​ចំនួន​របស់ UPF ដើម្បី​សន្តិភាព នា​ពេល​ខាងមុខ និង​ស្នើ​សូម​រដ្ឋសភា​កម្ពុជា​គាំទ្រ ដោយ​បាន​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​មេរៀន​សំខាន់​មួយ​ដែល​ពិភពលោក​ត្រូវ​រៀន​សូត្រ​ក្នុង​ការ​បញ្ចប់​សង្គ្រាម និង​កសាង​សន្តិភាព។ ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​បាន​គាំទ្រ​ដល់​បេសកកម្ម​របស់ UPF។

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី បាន​ជម្រាប​ជូន គណៈប្រតិភូ​បន្ថែម​ថា ទាំង សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ចាត់​ទុក​សុខ​សន្តិភាព​ជា​អាទិភាព ដែល​ត្រូវ​លើកកម្ពស់ និង​ការពារ​ជានិច្ច។ សម្តេច​រដ្ឋសភាធិបតី បាន​គូស​បញ្ជាក់​ថា គោលការណ៍​គ្រឹះ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ គឺ​ការ​ធានា​ថែរក្សា​សុខ​សន្តិភាព និង​ការ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ឱ្យ​សម្រេច​បាន​នូវ​ផែនការ​អភិវឌ្ឍន៍ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

ជាមួយ​គ្នា​នេះ សម្តេច​រដ្ឋសភាធិបតី ក៏បាន​ស្នើ​ដល់​គណៈប្រតិភូ ជួយ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈ​ការ​ជួយ​ទាក់ទាញ​អ្នកទេសចរ និង​អ្នក​វិនិយោគ ជួយ​ដល់​ការ​បណ្ដុះ​បណ្ដាល និង​ផ្តល់​ជា​សម្ភារៈ​នៅ​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដើម្បី​បម្រើ​សេវា​ជូន​តំណាងរាស្ត្រ​កាន់តែ​មាន​ប្រសិទ្ធភាព ព្រមទាំង​ការ​កសាង​លើក​កម្ពស់​សមត្ថភាព និង​ភាព​អង់អាច​ដល់​ស្ត្រី​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម