Connect with us

ព័ត៌មានជាតិ

ឱកាសយុវជន ២ ១០០ នាក់ សិក្សាជំនាញឥតបង់ថ្លៃ នៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យចំនួន ២១០០ នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជូនដំណឹងនេះ បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០ ០០០ រៀលក្នុងមួយខែ។

បើតាម វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ត្រូវការយុវជន យុវនារីដែលចង់រៀនជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីព ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ការបណ្តុះបណ្តាលនេះមានរយៈពេល ៤ខែ ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងអនាគតដូចជា៖ ការងារកំបោរចំនួន ១៥០ នាក់, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០ នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤៥០ នាក់, ការថែទាំ និងជួសជុលរថយន្ត ១៥០ នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ១៥០ នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ១៥០ នាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៥០ នាក់, សេវាកម្មកុំព្យូទ័រ ១៥០ នាក់, សេវាកម្មរដ្ឋបាល ១៥០ នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥០ នាក់, ធុរកិច្ចភេសជ្ជៈ ១៥០ នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០ នាក់។

កាលបរិច្ឆេទចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។ ចូលរៀនថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ប្អូនៗ មានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន។

លោក កត្តា អ៊ន មានប្រសាសន៍បន្ថែមថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់គួរយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម