ព័ត៌មានជាតិ
ទីផ្សារអាវរងា កំពុងត្រូវប៉ាន់ ខណៈអាកាសធាតុចុះត្រជាក់
ក្រុមអាជីវករ ជាអ្នកលក់ខោអាវជជុះ និងខោអាវរងា នៅក្នុងផ្សារបឹងកេងកង បានប្រាប់ឱ្យដឹងថា ស្របពេលប្រទេសកម្ពុជា ឈានចូលមកដល់រដូវរងា និងអាកាសធាតុត្រជាក់នោះ នៅផ្សារបឹងកេងកង សំបូរទៅដោយអតិថជន មកទិញសម្លៀកបំពាក់ ដែលភាគច្រើនពួកគាត់ទិញជាប្រភេទខោអាវរងា និងអាវស្បែកក្រាស់ៗ ជាជាងខោអាវស្ដើងៗ។

អ្នកស្រី ជឹម ណារិន អាយុ៥៥ឆ្នាំ ជាអាជីវករលក់ខោអាវជជុះ និងខោអាវរងា ក្នុងផ្សារបឹងកេងកង បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ អាកាសធាតុចុះត្រជាក់ អតិថិជនបានមកទិញខោអាវនៅតូបរបស់អ្នកស្រី។ ហើយភាគច្រើន សំបូរទៅដោយអ្នកទិញខោអាវរងា និងប្រភេទខោអាវស្បែកក្រាស់ៗ សម្រាប់យកទៅពាក់ ខណៈអាកាសធាតុកំពុងចុះត្រជាក់ក្នុងខែរងា បន្ទាប់ពីខែអស្សុជ កន្លងផុតទៅ។ អ្នកស្រី បន្ថែមទៀតថា ក្នុងមួយថ្ងៃ នៅតូបរបស់ អ្នកស្រី មានអតិថិជនមិនតិចជាង២០នាក់នោះទេ ដែលនាំគ្នាមកទិញខោអាវរងា និងប្រភេទអាវស្បែកក្រាស់ៗ ហើយចំនួន នៃការទិញក៏កើនឡើងខ្លាំង។ អ្នកស្រី បញ្ជាក់ថា មនុស្សម្នាក់ ទិញអាវយ៉ាងតិចចំនួន ៣អាវ ដែលសុទ្ធសឹងតែជាប្រភេទអាវរងា និងអាវស្បែកក្រាស់ៗ ជាដើម។

ទាក់ទងនឹងអតិថិជននេះដែរ អ្នកស្រី ជឹម ណារិន បញ្ជាក់ថា អ្នកមកទិញខោអាវរងា និងប្រភេទអាវស្បែកក្រាស់ៗ គឺមិនមែនតែប្រជាជនខ្មែរតែមួយទេ ប៉ុន្តែអ្នកស្រី មើលឃើញថាក៏មានជនជាតិបរទេស និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ក៏នាំគ្នាមកទិញជាលក្ខណៈជាក្រុម និងគ្រួសារ ផងដែរ។ ក្រៅពីនេះ ក៏មានអតិថនមួយក្រុមទៀត ដែលជាពលករ និងអ្នកទៅធ្វើការនៅក្រៅប្រទេស ក៏បាននាំគ្នាមកទិញខោអាវរងា និងប្រភេទអាវក្រាស់ៗ នៅតូបរបស់ អ្នកស្រី ដោយក្នុងមួយថ្ងៃ អ្នកស្រី អាចលក់ខោអាវរងា បានចន្លោះពី ៤០ ទៅ៥០អាវ ចាត់ទុកជាចំនួនច្រើនជាងការលក់កន្លងមក។

ជាមួយគ្នានេះ លោក ឃឹម ចិន អាជីវករលក់ខោអាវរងា នៅផ្សារបឹងកេងកង ដូចគ្នា ក៏បានប្រាប់កម្ពុជាថ្មីដែរថា ការលក់ខោអាវរងារយៈពេលប៉ុន្មានថ្ងៃមកនេះសម្រាប់តូបរបស់លោកផ្ទាល់ គឺមានការលក់ដាច់គួរសម ដោយសារតែអតិថិជនភាគច្រើន មកទិញតែប្រភេទខោអាវរងា និងអាវក្រាស់ៗ ស្របពេលអាកាសធាតុមានការចុះត្រជាក់ផងនោះ។ លោក បន្ថែមថា ក្នុងមួយថ្ងៃ មានអតិថិជនមកទិញខោអាវរងា ប្រមាណជាង ២០នាក់។ ចំណែកចំនួនខោអាវរងាដែលលក់បាននោះ គឺមានចន្លោះពី ៣០ ទៅ៤០អាវ ដោយមិនទាន់រាប់បញ្ចូលនូវប្រភេទខោអាវធម្មតានៅឡើយ។ លោក ឃឹម ចិន បន្តទៀតថា ចំនួនអ្នកទិញនៅតូបរបស់លោក គឺមានចម្រុះជាតិសាសន៍ ក្នុងនោះរួមមាន៖ ជនជាតិចិន វៀមណាម និងម៉ាឡេស៊ី ដែលមករស់នៅ និងធ្វើការ នៅប្រទេសកម្ពុជា ភាគច្រើនពួកគេ ប្រាប់ថា ខោអាវក្នុងផ្សារបឹងកេងកង តម្លៃសមរម្យ និងមានគុណភាពល្អ មិនចាញ់ខោអាវថ្មី លក់នៅប្រទេសរបស់ពួកគេឡើយ។

ចំណែក កញ្ញា ចាន់ រស្មី អតិថិជនមកទិញខោអាវរងាក្នុងផ្សារបឹងកេងកង ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា មូលហេតុកញ្ញា មកទិញខោអាវរងានៅផ្សារបឹងកេងកង ក៏ដោយសារតែប្រទេសកម្ពុជាយើង ឈានចូលមកដល់ខែរងា ដែលជារដូវមួយមានអាកាសធាតុត្រជាក់ខ្លាំង ជារៀងរាល់ឆ្នាំគឺស្ថិតនៅក្នុងខែវិច្ឆិកា រហូតដល់ ចុងខែមករា តាមដែរកញ្ញាបានដឹងកន្លងមក។ ក្រៅពីនេះ កញ្ញា បញ្ជាក់ថា ជាទូទៅរាល់ពេលខែរងាចូលមកដល់ កញ្ញា តែងតែជ្រើសរើសមកទិញខោអាវរងានៅក្នុងផ្សារបឹងកេងកង ជាជម្រើសទី១ ព្រោះកញ្ញាយល់ឃើញថា សម្លៀកបំពាក់ មិនថាជាប្រភេទខោអាវរងា និងខោអាវធម្មតា នោះទេ នៅទីនេះ គឺទាន់សម័យយុវវ័យ និងមនុស្សចាស់ទូទៅ ហើយអ្វីកាន់តែពិសេសទៀតនោះ តម្លៃសមរម្យ និងមានគុណភាពល្អ មិនចាញ់ខោអាវថ្មី នៅបណ្ដាហាងទំនើប ប៉ុន្មាននោះឡើយ៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់