ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី សង្ឃឹមថា ទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ កាន់តែរីកចម្រើន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នៅឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទាំងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដ-១៩ និងការប្រឈមបញ្ហាស្មុគស្មាញសង្គ្រាម ការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយ ការរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាពរវាងប្រទេសជិតខាងជាកត្តាសំខាន់បំផុត។ កម្ពុជា-ឡាវ ជាមិត្តនិងបងប្អូននឹងគ្នានៅគ្រប់កាលៈទេសៈ ទាំងពេលក្រលំបាក និងនៅក្នុងពេលត្រូវកសាង និងអភិវឌ្ឍន៍ប្រទេសដូចគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ឈរលើស្មារតី នៃចំណងមិត្តភាពជាអមតៈហើយនេះ នៅដើមរដ្ឋសភានីតិកាលទី ៧ នេះ សម្តេច បានសម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់ប្រទេសជាមិត្តភូមិផងរបងជាប់គ្នា មានឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការពង្រឹងចំណងមិត្តភាពប្រជាជន និងប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយដោយឃើញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល បាននាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើន។ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនដល់ ២១០ លានដុល្លារ ក្នុងឆ្នាំ ២០២២ ហើយក្រោមចំណងមិត្តភាពភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលមានគោលនយោបាយច្បាស់លាស់ត្រូវអនុវត្តទៀតនោះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ស្របពេលដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន ៣៥ កំពុងវិនិយោគនៅប្រទេសឡាវ។
ឯកឧត្តម បួកែវ ភុំវង្សសាយ បានសម្តែងការអបអរសាទរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កាលពីខែកក្កដា កន្លងមក។ ឯកឧត្តមមានសង្ឃឹមថា នៅក្នុងអាណត្តិថ្មីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងខាងរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាទំនាក់ទំនងប្រជាជន និងប្រជាជន កាន់តែរឹងមាំ និងស្អិតរមួតថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ ក្នុងការនាំកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម នឹងខិតខំធ្វើជាស្ពានក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីបងប្អូននេះ ឱ្យទទួលបានជោគជ័យថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋ បក្ស និងប្រជាជនឡាវ បានត្រៀមជាស្រេចការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលនឹងបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល CLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូ ខាងមុខនេះ។
ឯកឧត្តម បួកែវ ភុំវង្សសាយ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវនាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់ស្ថាប័នប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ