ព័ត៌មានជាតិ
មួយជំនាន់ចុងក្រោយ ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាលខេត្តរតនគិរីចាប់ផ្តើមចេះចាយលុយ ខណៈវត្តមានគ្រឹះស្ថានហិរញ្ញវត្ថុពង្រីកខ្លួនដល់ជនបទ
នៅក្នុងស្រុកដាច់ស្រយាលនៅខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ស្វាយចន្ទី សណែ្ដកសៀង សណ្ដែកខៀវ ដំណាំស្រូវ និងដំឡូងឈើជាដើម។ ការដាំដំណាំនេះ គឺជាប្រភពចំណូលបន្ថែមលើចំណូលដែលបានមកពីការអាស្រ័យអនុផលព្រៃឈើ កសិកម្មពនេចរ និងការចិញ្ចឹមសត្វ ដែលជាមុខរបរប្រពៃណីរបស់ពួកគាត់។
ប្រភពចំណូលពីមុខរបរទាំងនេះអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារពួកគាត់បានគ្រប់គ្រាន់ ប៉ុន្ដែមកទល់បច្ចុប្បន្ន គ្រប់យ៉ាងបានផ្លាស់ប្ដូរនៅពេលដែលក្រុមគ្រួសារភាគច្រើនប្រាថ្នាចង់បានការរស់នៅបែបសម្ភារនិយម ដូចអ្នករស់នៅទីប្រជុំជនដែរ។
ពលរដ្ឋក្នុងមូលដ្ឋានចាប់ផ្ដើមចំណាយប្រាក់កាសលើសម្ភារមួយចំនួនដូចជា ម៉ូតូ ឡាន និងសម្លៀកបំពាក់ម៉ូដថ្មីៗ ហើយតែងមានការជួបជុំជប់លៀងជាញឹកញាប់។ នៅពេលខ្វះខាតលុយកាក់ដើម្បីផ្គត់ផ្គង់ការរស់នៅបែបថ្មី អ្នកភូមិចាប់ផ្ដើមខ្ចីបុលពីអ្នកចងការប្រាក់ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រុកភូមិ។ ខណៈដែលពលរដ្ឋអាចរកខ្ចីប្រាក់គេបានហើយ បញ្ហាពាក់ព័ន្ធនឹងកម្ចីក៏កើតមានឡើងផងដែរ ដូចជាកម្ចីមានអត្រាការប្រាក់ខ្ពស់ និងបំណុលកើនឡើង។
វត្តមានមីក្រូហិរញ្ញវត្ថុពង្រីកខ្លួនដល់ជនបទ ក៏បានជំរុញឲ្យសហគមន៍ជនជាតិភាគតិចរស់នៅតំបន់ដាច់ស្រយាលនៅខេត្តរតនគិរីចាប់ផ្ដើមចេះចេះចាយលុយក្នុងជីវភាពប្រចាំថ្ងៃ។
១៥ ឆ្នាំមុន ជនជាតិភាគតិចនៅខេត្តរតនគិរី ការរស់នៅប្រចាំថ្ងៃគឺពួកគាត់ដោះដូរចែករំលែកគ្នា និងការរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ។ នេះបើតាមលោក Gordon Paterson ប្រធានអនុវត្តគម្រោងឯករាជ្យប្រចាំនៅខេត្តរតនគិរី។
ការផ្លាស់ប្តូរដ៏ធំមួយក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយរបស់ជនជាតិដើមភាគតិច ដែលជីវភាពធ្លាប់ពឹងផ្អែកលើដី ធនធានធម្មជាតិ រយៈពេល ១៥ ទៅ ២០ ឆ្នាំ ពលរដ្ឋចាប់ផ្តើមចេះប្រើប្រាស់លុយទាំងស្រុងដូចជាការដាំដុះដំណាំដំឡូង ស្វាយចន្ទី សណ្តែកសៀង ដែលជាប្រភេទដំណាំសេដ្ឋកិច្ច។ ពលរដ្ឋត្រឡប់ពីពឹងផ្អែកធម្មជាតិ ត្រូវពឹងផ្អែកលើទីផ្សារក្នុងរយៈពេលមួយជំនាន់តែប៉ុណ្ណោះ។
លោក Gordon Paterson ប្រធានអនុវត្តគម្រោងឯករាជ្យ
លោក Gordon Paterson សម្តែងក្តីព្រួយបារម្ភថា ការគ្មានមូលដ្ឋានលើការគ្រប់គ្រងហិរញ្ញវត្ថុ ជាភាពប្រថុយប្រថាននិងហានិភ័យមួយ។
លោក Gordon Paterson បានមកប្រទេសកម្ពុជានៅឆ្នាំ ១៩៩២ និងបានមករស់នៅនិងធ្វើការនៅខេត្តរតនគីរីក្នុងឆ្នាំ ១៩៩៥។ បុរសវ័យជា ៦០ ឆ្នាំរូបនេះ ធ្វើការពាក់ព័ន្ធទឹកដីនិងកម្មសិទ្ធិដីធ្លីជាមួយសហគមន៍ជនជាតិភាគតិច។
លោក Gordon Paterson បានឲ្យដឹងថា ដោយសារខេត្តរតនគីរីជានៅឆ្ងាយដាច់ស្រយាល ពលរដ្ឋមានចំណេះដឹងទាប គ្មានមូលដ្ឋានលើការគ្រប់គ្រងលុយកាក់។
ពីមុនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទាំងនេះមានលក្ខណៈបែបគ្រួសារសាមញ្ញ ដែលមិនសូវចាយវាយប្រាក់កាសច្រើនប៉ុន្មានទេ ដូច្នេះពួកគាត់មានបទពិសោធនិងការយល់ដឹងតិចតួចអំពីការគ្រប់គ្រងហិរញ្ញវត្ថុ។ ប្រជាពលរដ្ឋខ្លះ ខ្វះទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទាំងជំនាញក្នុងការរៀបចំផែនការរយៈពេលវែង និងទាំងជំនាញរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ ដែលនាំឱ្យពួកគាត់ជំពាក់បំណុលច្រើន ហើយចាំបាច់ត្រូវលក់ដីធ្លីនិងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់សងបំណុលទាំងនោះ។
លោក Gordon Paterson ដែលមានសញ្ជាតិជាជនជាតិអូស្រ្តាលីផងនោះបានឲ្យដឹងថា បញ្ហាហិរញ្ញវត្ថុជារឿងប្រថុយប្រថានមួយបើមិនចេះគ្រប់គ្រង។ ដោយសារខ្វះបទពិសោធន៍ អ្នកភូមិមួយចំនួនយល់ថាអ្នកដែលផ្តល់កម្ចីដូចជាការផ្តល់អំណោយ។ ពេលខ្លះបើមានការណែនាំបែរជាខឹងសម្បាថែមទៀងផង។ ជាលទ្ធផលពួកគាត់មានបំណុលវ័ណ្ឌក ដែលមិនអាចរ៉ាប់រងទូទាត់ការប្រាក់ប្រចាំខែបាន។
សព្វថ្ងៃមានអ្នកខ្លះលក់ទ្រព្យសម្បត្តិដើម្បីបង់សងទៅគ្រឹះស្ថាន។ ដោយកត់សម្កាល់ឃើញការផ្តល់កម្ចីបច្ចុប្បន្នមានការប្រកួតប្រជែងគ្នា ដែលផ្តល់លទ្ធភាពដល់ពលរដ្ឋងាយទទួលបានកម្ចី រហូតដល់អ្នកខ្លះអាចកម្ចីបាន ២ ទៅ ៣ កន្លែង បន្ថែមពីការខ្ចីពីឯកជនដែលមានអត្រាការប្រាក់ខ្ពស់។
អ្នកភូមិចង់ប្រើប្រាស់កម្ចីពីគ្រឹះស្ថានណាដែលស្រួល លឿនឆាប់បានលុយ។ ក្នុងចំណោមគ្រឹះស្ថានមីក្រូជាង ៨០ បើសិនខាងណាធ្វើតាមច្បាប់ទម្លាប់ត្រឹមត្រូវរកស៊ីមិនទាន់គេទេ។ អីចឹងគ្រឹះស្ថានមួយចំនួនបានប្រើប្រាស់រូបភាពធ្វើយ៉ាងណា ទាក់ទាញអតិថិជនប្រើប្រាស់កម្ចីរបស់ខ្លួន ដោយមិនបានសិក្សាពីលទ្ធភាពសងឲ្យបានត្រឹមត្រូវនោះទេ។
លោក Gordon Paterson អះអាងថា ការលើកទឹកចិត្តដល់ពលរដ្ឋឲ្យខ្ចីច្រើន ដោយមិនផ្តល់ការវាយតម្លៃហ្មត់ចត់បង្កហានិភ័យដ៏ធំ។
«ពេលណាមិនមានលុយបង់ឲ្យគ្រឹះស្ថានផ្លូវការ ពួកគាត់ទៅស្វែងរកពីឯកជន អីចឹងបំណុលកាន់តែរីកដូចប៉េងប៉ោងរហូតដល់វណ្ឌកមិនអាចសងវិញបាន ដោយចុងក្រោយត្រូវលក់ដី និងទ្រព្យសម្បត្តិដើម្បីទូទាត់បំណុល។
លោកលើកករណីពលរដ្ឋមួយនៅស្រុកតាវែង បានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុយកទៅទិញដី។ ដោយសារការប្រើប្រាស់ខុសគោលដៅលង់ខ្លួនរហូតត្រូវលក់ទ្រព្យសម្បត្តិដើម្បីដោះស្រាយទូទាត់បំណុល។
ពលរដ្ឋមួយរូបរស់នៅភូមិទុន ឃុំតាវែងលើ ស្រុកតាវែងបានឲ្យដឹងថា លោកបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយយកទៅសាងសង់ផ្ទះ ដើម្បីបានរស់នៅជួបជុំជាមួយគ្រួសារ។
ទាក់ទងការប្រើប្រាស់កម្ចី បុរសវ័យជាង ៧០ ឆ្នាំរូបនេះប្រាប់ថា បើគ្មានលទ្ធភាពសងលោកនឹងលក់គោក្របីដើម្បីសងបំណុល។
ដោយសារបារម្ភពីការវិវត្តន៍ថ្មីនេះ ទើបកន្លងទៅនេះមានបើកថ្នាក់បង្រៀនគ្រប់គ្រងហិរញ្ញវត្ថុដល់ជនជាតិដើមភាគតិចរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី។
លោក Gordon Paterson បានឲ្យដឹងថា ដោយសារមានការគាំទ្រពីធនាគារ ABA ថ្នាក់បង្រៀនហិរញ្ញវត្ថុមួយបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ ២០២២ ដើម្បីបញ្រ្ជាបចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុដល់ពលរដ្ឋជនជាតិភាគតិចតាមសហគមន៍ក្នុងខេត្តរតនគិរី។
លោកថា ចាប់ពីខែកញ្ញាឆ្នាំ ២០២២ គ្រូបង្គោលដែលទទួលបានការបណ្ដុះបណ្ដាលពីហិរញ្ញវត្ថុ បានចាប់ផ្តើមបើកថ្នាក់បង្រៀននៅតាមសហគមន៍។ ការសិក្សាមានចំនួន ៥ សប្ដាហ៍ ដោយសហគមន៍អាចជ្រើសរើសពេលវេលាសមស្របមិនថាពេលថ្ងៃ ឬពេលយប់។
ថ្នាក់សិក្សាមានបង្រៀនដូចជា ការរៀបចំផែនការហិរញ្ញវត្ថុ ការចាត់ចែងលុយកាក់ ការកំណត់គោលដៅហិរញ្ញវត្ថុ និងសន្សំ និងការប្រើប្រាស់ប្រាក់កម្ចីឲ្យបានត្រឹមត្រូវជាដើម។ វគ្គទី ១ បានបើកថ្នាក់រៀនបាន ៣១ ថ្នាក់ និងវគ្គទី ២ គ្រោងបើកឲ្យបាន ២០ ថ្នាក់ទៀត ដោយបច្ចុប្បន្នកំពុងដំណើរការបានចំនួន ៧ ថ្នាក់រួចហើយ។
លោក Gordon Paterson បានគូសបញ្ជាក់ថា ការរៀនអក្ខរកម្មហិរញ្ញវត្ថុសំខាន់ ដើម្បីផ្តល់មូលដ្ឋានចំណេះដល់ពលរដ្ឋជនជាតិភាគតិចអាចស្វែងយល់ពីការប្រើប្រាស់កម្ចីដែលឆ្លើយតបតម្រូវការរស់នៅ បញ្ចៀសការប្រើប្រាស់ខុសគោលដៅដែលអាចនាំគ្រោះថ្នាក់។
លោក យោល សៀម មេភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែងបានឲ្យដឹងថា នៅភូមិរបស់លោកនៅមិនទាន់ពលរដ្ឋច្រើនដែលជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្នុងចំណោមពលរដ្ឋជាង ១០០ គ្រួសារមានតែ ២ ឬ ៣ គ្រួសារដែលជំពាក់បំណុលធនាគារ។
លោកថា តាមរយៈថ្នាក់បង្រៀនហិរញ្ញវត្ថុនេះដូចដាស់ស្មារតីដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់កម្ចីឲ្យមានប្រយោជន៍ ចៀសវាងប្រើប្រាស់ខុសគោលដៅនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។
លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ ABA បានគូសបញ្ជាក់ថា គោលបំណងចម្បងក្នុងការបើកថ្នាក់បង្រៀននេះ ដើម្បីផ្តល់ចំណេះដឹងចាំបាច់ដល់ពលរដ្ឋជនជាតិភាគតិចក្នុងខេត្តរតនគិរី យល់ដឹងពីមូលដ្ឋានហិរញ្ញវត្ថុ។
លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ ABA
លោកថា បំណុលវណ្ឌកគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវការដោះស្រាយ ហើយក៏ជាមូលហេតុធ្វើឲ្យធនគារ ABA ចូលរួមបង្កើតកម្មវិធីបណ្តុះបណ្តាលនេះ។ តាមរយៈការបើកថ្នាក់បណ្តុះបណ្តាលនេះ ដើម្បីពលរដ្ឋត្រៀមខ្លួនជាមុនលើការប្រើប្រាស់កម្ចី។
«ការខ្ចីតើត្រូវខ្ចីយ៉ាងម៉េច ខ្ចីលុយគួរខ្ចីខាងណា ដែលអត្រាការប្រាក់សមរម្យ របៀបបង់សងត្រឡប់។ គួរមានចំណូលចំណាយបែបណា ដើម្បីសម្រេចគោលដៅរយៈពេលវែង ឬរយៈពេលខ្លី ជាមួយការរៀបផែនការនៅថ្ងៃអនាគត»។
លោកឈាន វុទ្ធី រំពឹងទុកថា ការបើកថ្នាក់សិក្សានេះអាចឲ្យពលរដ្ឋចេះស្វែងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់កម្ចីប្រកបដោយភាពឆ្លាតវៃ។
លោក សូ វណ្ណធិន អភិបាលស្រុកតាវែង
លោក សូ វណ្ណធិន អភិបាលស្រុកតាវែងបានឲ្យដឹងថា នៅស្រុកតាវែងមិនទាន់មានទិន្នន័យពលរដ្ឋប៉ុន្មាននាក់ដែលកំពុងប្រើប្រាស់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។ យ៉ាងណាលោកថា មួយរយៈចុងក្រោយនេះមានបណ្តឹងពីគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន បានដាក់សំណើដល់អាជ្ញាធរជួយសម្របសម្រួលដោយសារបញ្ហាកម្ចីពលរដ្ឋដែលមិនមានលទ្ធភាពសងត្រឡប់។
ទាក់ទងការបើកថ្នាក់បណ្តុះបណ្តាលហិរញ្ញវត្ថុដល់សហគមន៍ជនជាតិភាគតិចនៅមូលដ្ឋាន លោកគាំទ្រពេញទំហឹងដោយសារលោកមើលឃើញថា ការប្រើប្រាស់កម្ចីដូចអាវុធមុខពីរ។ បើប្រើប្រាស់ចំគោលដៅនឹងនាំប្រយោជន៍នាំឲ្យរីកចម្រើន តែបើប្រើប្រាស់ខុសគោលដៅនាំបញ្ហាដល់គ្រួសារនិងសង្គមជាតិ៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៥ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ