ព័ត៌មានជាតិ
អភិបាលរាជធានីជំរុញឱ្យកងកម្លាំង អាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខជូនពលរដ្ឋមកលេងបុណ្យអុំទូក
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ក្នុងនោះត្រូវចាប់អនុវត្តការពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់ សំដៅធានាបានថា ពិធីបុណ្យនេះត្រូវតែដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
ការស្នើបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ កងកម្លាំង និងអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំងត្រូវតែម្រួល ឬបង្វែរមនុស្សចេញជៀសវាងកុំឱ្យមានបញ្ហាមិនល្អកើតឡើង។
អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្ស៊ីចូលគ្នារួចហើយដែរជាមួយកម្លាំងកងអង្គរ័ក្ស និងអគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រីដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបជាដំណឹង ពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយ។
លោក ឃួង ស្រេង បានជំរុញឱ្យមានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប សម្រាប់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យកំប្លោកនេះរំខានដល់ការប្រណាំងទូក ត្រូវគិតគូរឱ្យបានម៉ត់ចត់បំផុត ចំពោះការប្រមូលទុកដាក់សំរាម សំណល់រឹងនៅក្នុងពិធីនេះ។
ចំពោះការតុបតែងកែលម្អររាជធានីភ្នំពេញ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ។
លោកអភិបាលរាជធានីសូមឱ្យសហការគ្នាជាប្រព័ន្ធលើបញ្ហាចរាចរ ទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងកម្លាំងសមត្ថកិច្ចប៉ូលិស ដើម្បីកាត់បន្ថយការការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
លោក ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ចំពោះទីតាំងសប្បាយភាពពិសេសបៀហ្គាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរជាម៉ែជាឪប្រជាពលរដ្ឋ ត្រូវថ្លឹងថ្លែងទាំងសងខាង អ្នកបើកបៀហ្គាឌិនបានធ្វើឱ្យចំណេញដល់ជាតិ តាមរយៈការផ្តល់ជូនការងារជូនប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។
លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ឱ្យបានខ្លាំងក្លាបំផុត ជាមួយ និងការចុះពិនិត្យនៅតាមដានរារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
គួរបញ្ជាក់ថា៖ តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមានទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីបចូលរួមប្រមាណជាង៣០ប្រទីប។
ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់