ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អនុក្រឹត្យស្ដីពីការប្រើប្រាស់កម្លាំង នឹងរួមចំណែកដល់កិច្ចការពារសន្តិសុខក្នុងព្រឹត្តិ ការណ៍ធំៗ
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំង នឹងចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ក្បួនប្រតិភូជាតិ-អន្តរជាតិ ក៏ដូចជាក្នុងព្រឹត្តិការណ៍ធំនៅក្នុងប្រទេស។ នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការបញ្ជាក់នេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមលោក ទូច សុខៈ ថ្លែងប្រាប់ «កម្ពុជាថ្មី» សេចក្ដីព្រាងអនុក្រឹត្យនេះ មានចំនួន៥ជំពូក និង១៣មាត្រា ដែលមានគោលបំណង និងវិសាលភាពនៃសេចក្ដីព្រាងអនុក្រឹត្យនេះ កំណត់អំពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ និងការប្រើប្រាស់ក្បួនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ ជាដើម។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានានេះ អាចជាលិខិតបទដ្ឋានគតិយុត្តថ្មី នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ដែលបានចែងយ៉ាងជាក់លាក់នូវការអនុញ្ញាតឱ្យប្រើប្រាស់កងកម្លាំងការពារ។ លោក បញ្ជាក់ថា ការប្រើប្រាស់កងកម្លាំងនេះ គឺសំដៅទាំងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងអង្គរក្ស កម្លាំងជាតិពិសេសប្រឆាំងភេរវកម្ម អាជ្ញាធរជាតិប្រឆាំងគីមីសាស្ត្រ ធាតុផ្ទុះ និងវិទ្យុសកម្ម អង្គភាពស៊ីម៉ាក់ រួមទាំងកម្លាំងប្រជាការពារ និងសន្តិសុខឯកជន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា នៅពេលដែលសេចក្ដីព្រាងអនុក្រឹត្យនេះ ចូលជាធរមាន នឹងរួមចណែកកាន់តែមានប្រសិទ្ធភាពលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ដល់ក្បួនគណៈប្រតិភូជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំធំៗផ្សេងៗ ទាំងលក្ខណៈជាតិ-អន្តរជាតិ ឱ្យកាន់តែគត់មុត ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក បន្តថា តាមរយៈអនុក្រឹត្យនេះ គឺជាការចង្អុលបង្ហាញនូវប្រភេទកងកម្លាំង ដែលមានសិទ្ធិ ហើយត្រូវចេញប្រតិបត្តិការក្នុងការការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ស្របតាមបទបញ្ញប្បត្តិជាធរមាន ដោយសំដៅបញ្ជៀសរាល់ការប្រើប្រាស់កម្លាំង ឬមធ្យោបាយទាំងឡាយណា ដែលមិនស្របតាមបទបញ្ញប្បត្តិនេះ ដែលអាចឆ្លៀតយកឱកាសនោះ ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ឬរហូតធ្វើឱ្យប៉ះពាល់ផ្សេងៗរបស់កងកម្លាំងថែមទៀត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ