ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋយក«ស្នោ»ធ្វើប្រទីបលក់នៅក្នុងឱកាសបុណ្យអុំទូកឡើយ
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើដល់ប្រជាពលរដ្ឋដែលធ្វើប្រទីបលក់ មិនឲ្យយកឧបករណ៍ស្មោធ្វើជាប្រទីបឡើយ ព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ផ្ទុយទៅវិញ លោកបានស្នើឱ្យធ្វើប្រទីបពីដើមចេក ដែលវាមិនបង្កហានិភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះសម្រាប់ដងស្ទឹងថែមទៀតផង។
ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅក្នុងសៀមរាបនេះ ដើមី្បបង្កនូវភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ប្រកបទៅដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ និង ជាការស្តារឡើងវិញនូវវិស័យ ទេសចរណ៍នៅខេត្តសៀមរាប ក្រោយពីវិបត្តិកូវិដ១៩។ ម៉្យាងទៀត ការរៀបចំព្រឹត្តតិការណ៍នេះ ក៏ជាការឧទ្ទិសដល់អតីតអធិរាជនៃអាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ រំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និងកសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងដ៏អស្ចារ្យ។
ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅក្នុងមនោសញ្ចេតនារបស់ប្រជាពលរដ្ឋខ្មែរដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីវជាតិសម្រាប់បង្កបង្កើនផល ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ។
អនុប្រធានគណៈកម្មការបច្ចេកទេសនៃព្រះរាជពិធីបុណ្យអុំទូកនៅក្នុងសៀមរាប បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានទូកដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក មានទូកនារី ០៣ទូក ចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ។ ក្នុងពិធីនេះ ក៏មានការប្រកួតប្រណាំង ក្រឡោ ដែលមានក្រុមកីឡាជាកុមារា កុមារី ចូលរួមផងដែរ ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្នុងរយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តសៀមរាប នឹងបង្កនូវភាពសប្បាយរីករាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ព្រមទាំងមានការប្រគុំតន្ត្រី ល្បែងរបាំប្រពៃណី និងការតាំងពិព័រណ៌ភូមិមួយផលិតផលមួយរបស់ខេត្ត ព្រមទាំងមានការជិះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាប។ ព្រឹត្តិកាណ៍នេះ ក៏ជាការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ្ឌ ក៏បានលើកឡើងផងដែរ អំពីការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក ដើមី្បជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តក្នុងពិធីបុណ្យអុំទូកនេះ ត្រូវចូលរួមសហការក្នុងការធ្វើអនាម័យបរិស្ថាន ដោយប្រមូល វិចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ។ បន្ថែមលើនេះ លោកក៏បានឲ្យអនុគណៈកម្មការរបៀបចំតុបតែងលម្អ ត្រូវពិនិត្យមើលប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ដោយយកចិត្តទុកដាក់ខ្ពស់ ដើមី្បបង្ការកុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយនៅក្នុងពិធី។ ចំពោះរាល់ស្តង់លក់ដូរទាំងអស់វិញ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យចំពោះអនាម័យបរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងបញ្ឈប់មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះឡើយ៕
ដោយ៖ គឿនវេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់