ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រ ចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់” និង “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.”។

លោក ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

លោក ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនាពេលកន្លងមក។ ជាក់ស្តែង តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនឹងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញបច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែកជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែកនាពេលកន្លងមក។

លោករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំសុខភាព គឺជាចំណុចអាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានាបាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។ ទន្ទឹមនេះ លោកបានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុងតំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខុមាលភាពផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ