ព័ត៌មានជាតិ
លោក នេត សាវឿន ណែនាំកងកម្លាំងចម្រុះ រួមគ្នាការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យបានល្អប្រសើរ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមដៃគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនេះឱ្យខាងតែបាន ខណៈកម្លាំងចម្រុះជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1720-edited.png)
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំឡើងនៅតាមដងទន្លេចតុមុខ នារាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះ គឺជាបុណ្យជាតិដ៏សំខាន់ក្នុងការស្វាគមន៍រាជរដ្ឋាភិបាល នីតិកាលថ្មី ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះឱ្យអធិកអធមជាងឆ្នាំមុនៗ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1721-edited.png)
លោក នេត សាវឿន បញ្ជាក់ថា បន្ទាប់ពីខកខានរៀបចំអស់រយៈប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដែលទើបបង្កើតបានរយៈពេល៩០ថ្ងៃនេះ បានអនុញ្ញាតឱ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ ដើម្បីបង្កបរិយាកាសឱ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ដដោយក្ដីសប្បាយរីករាយ។ ជាមួយនឹងការកម្សាន្ដសប្បាយរបស់ពលរដ្ឋក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ លោកឧបនាយករដ្ឋមន្ដ្រី បានចាត់ទុកថា កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងសំខាន់ និងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ។
តាមរយៈបទពិសោធធ្លាប់ជាអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចែករំលែកនូវអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន ដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែមក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងក្រុមគ្រូពេទ្យ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1722-1024x683.png)
ដើម្បីធានាឱ្យបានដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះ ប្រព្រឹត្តទៅរលូនល្អប្រសើរ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានផ្ដល់ការណែនាំនូវការងារមួយចំនួន ដោយពង្រឹងយន្ដការរួម យន្ដការតាមតំបន់ យន្ដការបញ្ជាការស្រាល ពោល គឺត្រូវមានបញ្ជាការ មានអ្នកទទួលខុសត្រូវពិតប្រាកដច្បាស់លាស់។ ទន្ទឹមនេះ គប្បីជំរុញការផ្សព្វផ្សាយដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន និងទាមទារឱ្យកម្លាំងទាំងអស់ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈប្រធានអង្គភាពនីមួយៗ ត្រូវមានការលើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។
លោក នេត សាវឿន ក៏បានណែនាំឱ្យមានការត្រៀមកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង ត្រូវមានការចាត់តាំងប្ដូរវេនកម្លាំងដែលប្រចាំការការពារច្បាស់លាស់ ត្រូវមានការរៀបចំគ្រូពេទ្យសង្គ្រោះទាំងចល័ត និងមានទីតាំងសម្រាប់សង្គ្រោះបឋម ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍ណាមួយកើតឡើង ពង្រឹងមធ្យោបាយទំនាក់ទំនងសម្រាប់កងកម្លាំង ដើម្បីងាយស្រួលទំនាក់ទំនងគ្នា និងជាពិសេស ត្រូវពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ចាប់ពីពេលនេះតទៅនៅទូទាំងប្រទេស៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1723-1024x683.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1724-1024x708.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1725-1024x683.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត