Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីរៀបចំបុណ្យអុំទូកនៅបឹងកន្សែងដើម្បីលើកកម្ពស់វប្បធម៌ និងអរិយធម៌

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរីកំពុងរៀបចំតុបតែងកែលម្អ និងបំពាក់ភ្លើងពណ៌នៅជុំវិញមាត់បឹងកន្លែង ដើម្បីរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះវេលាម៉ោង៨ និង៣០នាទី ការប្រណាំងទូកងនោះមកពីតាមបណ្តាស្រុកទាំង៨ មានចំនួន៣៦ទូក ក្នុងនោះក៏មានទូកស្ត្រីចំនួន៣ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា រដ្ឋបាលសាលាខេត្ត បានសម្រេចប្រារពធ្វើពិធីប្រឡងប្រណាំងអុំទូកនៅបឹងកន្សែងដើម្បីធ្វើឱ្យបរិយាកាសនៅតំបន់រមណីយដ្ឋានបឹងនេះឲ្យកាន់តែមានភាពអធិកអធមថែមទៀត នាឱកាសនោះយើងមានទូកចំនួន ៣៦ ទូក ដែលត្រៀមចូលរួមប្រឡង ក្នុងនោះរួមមានទូកផ្នែកនារីចំនួន៣ទូកផងដែរ។
   
លោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា ទូកទាំងអស់នោះមានទូកខ្លះប្រវែង៩ម៉ែត្រ និងទូកខ្លះទៀតមានប្រវែង១០ម៉ែត្រ គឺមកពីតាមបណ្ដាស្រុកទាំង៨និងទូករបស់មន្ទីរនៅជុំវិញខេត្ត ដើម្បីចូលរួមប្រឡង ហើយទូកនិមួយៗអាចផ្ទុកកម្លាំងអ្នកអុំបានចាប់ពី៧នាក់ទៅដល់១៣នាក់ប៉ុណ្ណោះ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា កាប្រឡងទូកនៅបឹងកន្សែងដែល នឹងប្រារពធ្វើនៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលសាលាខេត្ដក៏មានរៀបចំជាប្រាក់រង្វាន់មួយចំនួនសម្រាប់លើកទឹកចិត្តជូនដល់ក្រុមប្រណាំងទូកងដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ផងដែរ។

គួររំលឹកផងដែរថា រាល់ឆ្នាំកន្លងទៅមិនមានកម្មវិធីបុណ្យអុំទូកនោះទេ ខណៈផ្លូវនៅជុំវិញមាត់បឹងកន្សែងព្រមទាំងតុបតែងកែលម្អ មិនបានរៀបចំឲ្យមានសោភ័ណភាពល្អប្រសើរនៅឡើយទេ។

នៅឆ្នាំនេះលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី លោកបានយកចិត្តទុកដាក់និងខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យមានកម្មវិធីបុណ្យអុំទូកនេះប្រព្រឹត្តទៅឲ្យបានល្អ មានផ្លូវចាក់បេតុងសម្រួលដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តមើលបុណ្យអុំទូក៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម