ព័ត៌មានជាតិ
អាមេរិក សន្យាទាក់ទាញទេសចរ និងធុរជន ចូលមកវិនិយោគនៅកម្ពុជា
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហអាមេរិក នឹងបន្តផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងទាក់ទាញធុរកិច្ចវិនិយោគគិនអាមេរិក ឱ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ២២ វិច្ឆិកា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអរគុណលោកលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រុមបេសកកម្ម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអនុវត្តជាអាទិភាព របស់កម្ពុជា ដែលមាន សម្តេចធិបតី ជាប្រមុខដឹកនាំក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ។ ដើម្បីបន្តសម្របសម្រួលទាក់ទាញវិនិយោគអាមេរិកបន្ថែមទៀត កិច្ចពិភាក្សាបានផ្តោតលើការអនុវត្តគម្រោង រវាងរដ្ឋ និងឯកជន, កសិកម្ម, ទេសចរណ៍, អប់រំ, ពន្ធដារ, និងការប្រឆាំងការជួញដូរមនុស្ស ជាដើម ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និង កសិកម្ម ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាពនិងវិបុលភាព សេដ្ឋកិច្ចកម្ពុជា ជាមួយតំបន់ និងពិភពលោក ។ លោកបានបន្តថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំមួយរបស់កម្ពុជា លើផលិតផលកម្ពុជាចម្បងៗ ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាដើម ។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមកផងដែរ។ សហអាមេរិក, តាមរយៈ CDC និង USAID, នៅតែបន្តគាំទ្រទៅលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ដើម្បីជួយកម្ពុជាក្នុងការទប់ទល់នឹងវិបត្តិជំងឺរាតត្បាតសកល ។ នេះជាការបន្ថែមរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក សម្រេចបាន ៧,៧០ពាន់លានដុល្លារ ថយចុះ ២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានទំហំ ៧,៨ពាន់លានដុល្លារ។ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅអាមេរិក រយៈពេល ១០ខែ នេះ សម្រេចបាន ៧,៤៩ពាន់លានដុល្លារ និងនាំចូលមកវិញមានទំហំជាង ២០២លានដុល្លារអាមេរិក៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ