ព័ត៌មានជាតិ
ក្រសួងការងារ៖ គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់កម្មករនិយោជិតមានការលូតលាស់ល្អ
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតី និងបញ្ញាញាណរឹងមាំក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។
ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មួយក្នុងចំណោមការងារអាទិភាពទាំង៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនៅក្នុងរយៈពេល២ឆ្នាំខាងមុខ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ។
លោកបន្ថែមថា ក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និងម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រ សហគ្រាស គិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើងដែលមានកូនតូច ពិសេសរយៈពេល៣ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួនទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍។
ជាមួយគ្នានេះ លោកបានលើកឡើងថា បច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វកិច្ចបង្កើតឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ដែលក៏ជាចំណាយមួយរបស់និយោជក ហើយការផ្តល់សេវានោះទៀតសោត ក៏មិនមែនជាការផ្ដល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬមត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកាដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍នេះវិញ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា « គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតី និងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់»។

លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតនឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់។ អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិតដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិតផងដែរ។
សម្រាប់កម្មការិនីឈ្មោះ វ៉ា ស្ងួនបូរី បានគាំទ្រគោលនយោបាយនេះ ព្រោះការបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នឹងបង្កលក្ខណៈងាយស្រួលដល់កម្មការិនីដែលមានកូនតូចបានធ្វើការពេញដៃពេញជើង។ កម្មការិនីរូបនេះនិយាយថា « រាល់ថ្ងៃយើងត្រូវអស់ថ្លៃជួលផ្ទះ បើជួលអ្នកមើលកូនទៀតទប់ទល់ការចំណាយអត់រួចទេ ចឹងភាគច្រើនកម្មករយើងផ្ញើកូនឲ្យម្តាយមើលនៅស្រុក ឬអ្នកជិតខាងជួយមើលថែ»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ