ព័ត៌មានជាតិ
បញ្ចប់សន្និសីទមីក្រូហិរញ្ញវត្ថុនៅខេត្តសៀមរាប ជំរុញឲ្យបន្តពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្ដីថ្លែងការណ៍អំពី «វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន» នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតនៅក្នុងវិស័យ។

រៀបចំឡើងនៅខេត្តសៀមរាបដែលទើបបញ្ចប់កាលពីម្សិលមិញនេះ នៅក្នុងសន្និសីទភាគីពាក់ព័ន្ធបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។
សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើងដើម្បីកិច្ចការនេះដូចជា៖
១/ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើននូវតម្លាភាព និងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ,
២/ ក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបង្កើតឡើង ដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មរបស់វិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដារប្រតិបត្តិការអាជីវកម្មសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ,
៣/ គម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ ដែលធ្វើឡើងក្នុងខេត្តចំនួន ៤ ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជននៅតាមកម្រិតមូលដ្ឋាន,
៤/ កម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល លើកិច្ចការពារអតិថិជនដែលបង្កើតឡើងដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដើម្បីធានាថា កិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាននូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន,
៥/ សិក្ខាសាលាថ្នាក់តំបន់លើការពង្រឹងសមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តោតលើថ្នាក់គ្រប់គ្រងនៅតាមសាខាថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់តំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ,
៦/ កម្មវិធីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់មន្ត្រីឥណទាន និងមន្ត្រីពាក់ព័ន្ធការផ្តល់ឥណទាន ដោយតម្រូវឱ្យប្រលងយកវិញ្ញាបណ្ណប័ត្ររៀងរាល់បីឆ្នាំម្តង រួមទាំងកិច្ចខិតខំប្រឹងប្រែងជាច្រើនផ្សេងទៀត,
៧/ វិធានផ្តល់ឥណទាន ដែលត្រូវបានឡើងក្នុងគោលបំណងធានាថា សមត្ថភាពខ្ចីប្រាក់របស់អតិថិជនត្រូវបានវាយតម្លៃដោយម៉ត់ចត់និងត្រឹមត្រូវ ដើម្បីកាត់បន្ថយការជាប់បំណុលច្រើនលើសលុប និងបញ្ចៀសហានិភ័យជាប្រព័ន្ធនានា។
តាមរយៈអង្គសន្និសីទ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានជំរុញសមាជិករបស់ខ្លួនឱ្យពិនិត្យមើលលទ្ធភាពក្នុងការជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែងនៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀតជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងកិច្ចការពារអតិថិជន តាមរយៈការចេញសេចក្តីថ្លៃងការណ៍រួមនាដើមឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និង ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ រួមទាំងការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់របស់គណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវ បញ្ហាប្រឈមមួយចំនួន ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមគ្នាដោះស្រាយ។ ហើយការប្តេជ្ញានាពេលនេះ គឺជាសខីភាពបង្ហាញនូវឆន្ទៈមុតមាំរបស់វិស័យ ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាបន្ន និងនិរន្តភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ