ព័ត៌មានជាតិ
អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត
អ្នកជំនាញផ្នែកវិស័យអប់រំ បានវាយតម្លៃថា ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះ បានប្រព្រឹត្តិទៅល្អប្រសើរជាងបណ្តាឆ្នាំមុនៗទៅទៀត ហើយស្នើ ក្រសួង បន្តរៀបចំការប្រឡងជាបន្តទៀត ដើម្បីចម្រាញ់រកសិស្សមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ឲ្យបានកាន់តែច្រើន ជាធនធានមនុស្សដ៏មានតម្លៃ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ វិច្ឆិកានេះថា «ដំណើរការប្រឡងបាក់ឌុប មានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗទៅទៀត ដោយមានការរឹតបន្តឹងខ្លាំង ធ្វើឲ្យសិស្សខំរៀន បើមិនខំរៀនទេ មិនអាចប្រឡងជាប់ ឬទទួលបាននិទ្ទេសល្អបានទេ ដូចទ្រឹស្ដី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងអីចឹង អ្នកចេះអត់ចេះធ្លាក់។ ដល់អីចឹង ឈប់សូកអីចឹង បាក់ឌុបជាតិគាំទ្រ ១៨០% តែម្តង ឲ្យបន្តធ្វើព្រោះបានផលច្រើនណាស់»។ លោក បានបន្តថា «ការប្រឡងនេះ គិតពីហ្គ្រេត មិនមែនមិនឲ្យសិស្សរៀនបន្តទៀតទេ។ ប្រឡងបាក់ឌុបជាតិ ត្រូវតែមាន ព្រោះថាសិស្សជាប់មានគុណភាពពូកែពិតមែន ពិសេសសិស្សជាប់ A ខំរៀនតែម្ដង»។
ចំណែកលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថា ការប្រឡងបាក់ឌុបបានក្លាយជាទម្លាប់ទៅហើយ ដោយមានការរៀបចំយ៉ាងតឹងរ៉ឹង មានការសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ អប្បមាទ និងគណៈមេប្រយោគនៅទូទាំងប្រទេស។

លោកបន្តថា ចំពោះលទ្ធផលឆ្នាំនេះមានសិស្សជាប់កើនឡើង ពិសេសសិស្សជាប់និទ្ទេស A ដែលបង្ហាញពីការគ្រប់គ្រងដំណើរការប្រឡងបានល្អ សិស្សខិតខំរៀនទើបធ្វើឲ្យសិស្សជាប់ច្រើន។ យ៉ាងណាក៏ដោយ លោកស្នើថា «ប្រសិនបើការប្រឡងក្លាយជាទម្លាប់ទៅហើយនោះ នៅឆ្នាំក្រោយៗទៀត ក្រសួង គួរតែរៀបចំដំណើរការប្រឡងដោយខ្លួនឯង ម្ចាស់ការដោយខ្លួនឯង ព្រោះក្រសួងមានបទពិសោធន៍គ្រប់គ្រាន់ មានទាំងអប្បមាទ គណៈមេប្រយោគក្នុងការត្រួតពិនិត្យ និងដំណើរការប្រឡង ដោយមិនចាំបាច់មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយទៀតនោះទេ»។

គួរជម្រាបថា ប្រឡងបាក់ឌុបឆ្នាំ ២០២៣ នេះ មានបេក្ខជនប្រឡងជាប់សរុប ចំនួន ៩៨ ៤៦០ នាក់ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?