Connect with us

ព័ត៌មានជាតិ

បងប្អូ​ន​ដើរ​លេង​អុំទូកមាន​បញ្ហា​សុខភាព អាច​ចូល​​ពិនិត្យ​ ២៤/២៤ ម៉ោង ទីតាំង​ទាំង ១០ កន្លែង​នេះ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែរយៈពេល​ ៣ ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យទីតាំងជម្រកតង់សុខភាពចំនួន ១០ ទីតាំង នៅតាមបណ្តាគោលដៅនានាក្នុងព្រះរាជពិធីបុណ្យអុំទូកកាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា លោករដ្ឋមន្ត្រីបានឲ្យ​ដឹង​ថា នៅក្នុងពិធីបុណ្យអុំទូកតែងតែមានមនុស្សចូលរួមច្រើនកុះករហើយ​ឆ្នាំនេះនឹងអាចមានមនុស្សច្រើនមកចូលរួម ដោយសារ​ការ​អាក់ខានរៀបចំពិធីបុណ្យអុំទូករយៈពេល ៣ ឆ្នាំមកហើយ​​ដោយសារបញ្ហាជំងឺកូវីដ ១៩។ ដូចនេះប្រជាពលរដ្ឋអាចនឹងមានបញ្ហាសុខភាពបន្តិចបន្តួចដូចជាឈឺក្បាល វិលមុខ ឬឈឺពោះនិងរាករួសជាដើម។

លោករដ្ឋមន្ត្រីបានណែនាំ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពសូមអញ្ជើញមកកាន់តង់ទាំង ១០ ទីតាំងដែលក្រសួងបានរៀបចំដោយមានក្រុមគ្រូពេទ្យទទួល ២៤ ម៉ោងលើ ២៤ ម៉ោង។

ទីតាំងទាំង ១០ កន្លែងរួមមានជម្រកតង់សុខភាពនៅទីតាំងដូចជា ១) អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ ១០) OCIC ខាងជើងរង្វង់មូលនាងមច្ឆា។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះសរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាលចំនួន ១៥ កន្លែង ដែលផ្តល់សេវា ២៤ ម៉ោងលើ ២៤ ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះចំនួន ២០ គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណី​ចាំបាច់បំផុត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម