ព័ត៌មានជាតិ
សំណង់ច្រើនជាន់ជាប់មាត់ស្ទឹងសង្កែដែលអាជ្ញាធរខេត្តបាត់ដំបងធ្លាប់ចុះផ្អាក បច្ចុប្បន្នកំពុងដំណើរការសាងសង់ទៅលើបន្ថែម
សំណង់រឹងមួយកន្លែងដែលគេដឹងថាជាកម្មសិទ្ធិរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តបាត់ដំបង ហើយក៏ត្រូវបានការិយាល័យជំនាញចុះផ្អាកការសាងសង់អស់មួយរយៈរួចមក ឥឡូវកំពុងដំណើរការឡើងវិញជាធម្មតា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរខាងព្រួយបារម្ភអំពីសុខសុវត្ថិភាព ថែមទាំងមានចម្ងល់យ៉ាងខ្លាំងព្រោះទីតាំងសាងសង់ជាដីស្ថិតនៅជាប់ដងស្ទឹងសង្កែ បើទោះបីជាសំណង់នេះមានច្បាប់ត្រឹមត្រូវក៏ដោយ។

គួរបញ្ជាក់ថា សំណង់រឹងដែលបច្ចុប្បន្នមានកម្ពស់រហូតដល់៩ ជាន់ទៅហើយនោះ ត្រូវបានកម្លាំងការិយាល័យជំនាញចុះផ្អាកការសាងសង់ជាបណ្ដោះអាសន្នកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ យ៉ាងណាមិញ ស្រាប់តែបច្ចុប្បន្នគេសង្កេតឃើញថា សំណង់មួយនេះកំពុងដំណើរការឡើងវិញយ៉ាងរលូន និងកំពុងបន្តបន្ថែមជាន់ទី៨ និងជាន់ទី៩ទៅលើទៀត។
កន្លងទៅ កម្ពុជាថ្មី បានធ្វើការសាកសួរទៅមន្ត្រីជំនាញមួយចំនួនដើម្បីចង់ដឹងថា តើការសាងសង់នេះមានច្បាប់ដែរឬទេ ព្រោះជាដីនៅជាប់នឹងដងស្ទឹងសង្កែ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឆ្លើយតបជាមួយ កម្ពុជាថ្មី លោក សួន សុភា ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ទាក់ទងនឹងផ្លូវច្បាប់ទៅលើសំណង់នេះ គឺលោកមិនបានដឹងទេ ដោយសុំឲ្យកម្ពុជាថ្មីសាកសួរទៅភូមិបាលក្រុងវិញ។ ទន្ទឹមនោះដែរលោកស្រី សុខ គីនណា ប្រធានភូមិបាលក្រុង បានបញ្ជាក់ថា ចំពោះសំណង់ដែលមានកម្ពស់ច្រើនជាន់ គឺផុតដៃរបស់ភូមិបាលហើយ ដូច្នេះលោកស្រីក៏មិនច្បាស់ដែរអំពីបញ្ហានេះ។

ពាក់ព័ន្ធបញ្ហាសំណង់ដ៏មានកម្ពស់ស្កឹមស្កៃមួយនេះដែរ លោក ស៊ិម វត្ថា ប្រធានការិយាល័យសំណង់ នៃមន្ទីរដែនដីនគរូបនីយកម្ម បានគូសបញ្ជាក់ថា ទីតាំងនេះរូបលោកផ្ទាល់ ជាមួយនឹងក្រុមការងារ បានចុះទៅផ្អាកការកសាងម្តងរួចមកហើយ ដើម្បីត្រួតពិនិត្យទៅតាមលក្ខណៈផ្លូវច្បាប់ ព្រោះសំណង់ស្ថិតនៅលើដីក្បែរដងស្ទឹងសង្កែ ប៉ុន្តែក្រោយពីបានចុះសិក្សាសង្កេតឃើញថា ម្ចាស់ទីតាំងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដោយទីតាំងប្លង់មានចម្ងាយពីច្រាំងស្ទឹងសង្កែប្រមាណជាង២០ម៉ែត្រ ហើយម្ចាស់បានអះអាងថា គាត់មានច្បាប់ពីក្រសួងផងដែរ ឯការសាងសង់បន្តនេះ ក្នុងគម្រោងពី៧ជាន់ ទៅ៨ជាន់ ប៉ុន្តែនៅក្នុងច្បាប់អនុញ្ញាតទៅលើកម្ពស់ នៃការសាងសង់នេះ គឺលោកគ្រាន់តែឮម្ចាស់សំណង់និយាយតែប៉ុណ្ណោះ ដោយលោកមិនបានឃើញការកំណត់កម្ពស់នៅក្នុងច្បាប់អនុញ្ញាត នៃការសាងសង់នោះឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងបាននិយាយថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពេលឃើញសំណង់នេះកាន់តែខ្ពស់ឡើងៗ នៅដីមាត់ស្ទឹង ហើយពួកគាត់ក៏បានឆ្ងល់ដែរថា តើក្រសួងបានចុះពិនិត្យជាក់ស្តែងដែរឬទេ ទើបហ៊ានសម្រេច និងអនុញ្ញាតអោយសាងសង់យ៉ាងខ្ពស់ត្រដែតក្បែរមាត់ស្ទឹងបែបនេះ ហើយក្រោយពីការផ្អាកមួយរយៈ ស្រាប់តែឃើញគេសាងសង់ឡើងវិញបែបនេះ ទើបពួកគាត់សន្និដ្ឋានថា ម្ចាស់សំណង់ក៏មិនធម្មតាដែរ។
ជួបជាមួយ កម្ពុជាថ្មី តាមរយ:ទូរស័ព្ទ លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់មួយនេះបាននិយាយយ៉ាងខ្លីថា ” ទីតាំងនេះមានច្បាប់ត្រឹមត្រូវហើយ ហើយក៏សូមអរគុណដែរ ដែលកម្ពុជាថ្មី ចុះផ្សាយពីការពិត និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ” ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់