ព័ត៌មានជាតិ
ស្អែកនេះ ក្រុមហ៊ុនធំៗ ៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ជាង ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗ ចំនួន ៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា ស្អែកនេះ។

ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី ៣០ នោះរួមមាន ៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្ការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ និង ០០ នាទីព្រឹក ដល់ម៉ោង ០៥ និង ០០ នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀន នៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា ក្រោយពីចូលរួមក្នុងពិព័រណ៍ការងារជាមួយ NEA ម៉ាក្រូ ទទួលបានបេក្ខជនជាច្រើនមកដាក់ពាក្យធ្វើការ តែក៏មិនទាន់គ្រប់តម្រូវការរបស់ក្រុមហ៊ុនដែលមានភាពរីកចម្រើន និងមានការគាំទ្រពីអតិថិជនមកពីគ្រប់ទិសទីនោះដែរ។ ហើយ ក្រុមហ៊ុន នៅតែបន្តសហការជាមួយ NEA ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ថែមទៀត ពិសេសក្នុងវេទិកាការងារ នាថ្ងៃទី ៣០ ខែវិច្ឆិកា នេះ តែម្ដង។

លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឲ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។

លោកស្រី ពេជ្រ ធីតា បន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើបម៉ាក្រូ ក៏នាំឲ្យមានតម្រូវការបុគ្គលិកថ្មីៗ ជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែកសំខាន់ៗ ទៀតផងដែរ ដូច្នេះប្រសិនបើសិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្ដូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប ម៉ាក្រូ ត្រូវមានបុគ្គលិកលក្ខណៈរួសរាយ ស្មោះត្រង់ និងរៀបចំប្រវត្តិរូប (CV) ឲ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារ។

គួរបញ្ជាក់ផងដែរថា សម្រាប់សប្ដាហ៍នេះ NEA បានប្រមូល និងផ្សព្វផ្សាយឱកាសការងារនៅក្នុងប្រទេសបានចំនួនជាង ៤ ម៉ឺនកន្លែង។ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ