ព័ត៌មានជាតិ
កម្ពុជា រំពឹង នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២០ លាននាក់ នៅឆ្នាំនេះ
កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២០ លាននាក់ ក្នុងឆ្នាំ ២០២៣ នេះ។ នេះបើយោងតាម លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងកម្មវិធីបិទពិធី”បុណ្យសមុទ្រ លើកទី ១០” ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីទេសចរណ៍” នាខេត្តកែប កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ មានប្រសាសន៍ថា កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិប្រមាណ ១៥ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៤ លាននាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលគិតមកទល់ពេលនេះមានអាយុកាលត្រឹមតែ ១០០ ថ្ងៃ តែប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី បន្ថែមថា ការអនុវត្តតាមគោលដៅយុទ្ធសាស្រ្ត ៥ និងអាទិភាពគន្លឹះ ៥ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ គឺពិតជាមានសារសំខាន់យ៉ាងខ្លាំង ព្រោះអាចជួយស្តារវិស័យទេសចរណ៍ឡើងវិញ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរ ឱ្យមាននិរន្តភាព ប្រកបដោយចីរភាព និងបរិយាបន្នក្នុងសង្គម។ ជាក់ស្ដែង ក្នុងអាណត្តិទី ៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីដោះស្រាយការជាប់គាំងទាក់ទងនឹងវិស័យទេសចរណ៍ ដោយដាក់ចេញយុទ្ធនាការទស្សនាសៀមរាប និងការដាក់ឱ្យដំណើរការឡើងវិញ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដែលចាំបាច់ត្រូវមានការចូលរួមពីផ្នែកឯកជនឱ្យបានពេញលេញ ដើម្បីជួយជំរុញវិស័យទេសចរណ៍កាន់តែមានភាពធន់ មិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោក សុខ សូកេន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងឱកាសពិធីបុណ្យសមុទ្រនាឆ្នាំនេះ គណៈកម្មការអន្តរក្រសួង បានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

ទី១.ការតាំងពិព័រណ៍សមទ្ធិផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ។ ទី២.ការសម្ដែងទស្សនីយភាពសិល្បៈដែលមានការចូលរួមពីសិល្បករ សិល្បការនី និងបណ្ដាប្រទេសបានចូលរួមក្នុងនោះមាន ៖ ប្រទេសចិន និងប្រទេសឥណ្ឌា ព្រមទាំងតន្រ្តីមហាជន ជាដើម…។ ទី៣. សកម្មភាពកីឡា រួមមាន ៖ ប្រដាល់គុណខ្មែរ ការបង្ហោះខ្លែង និងបង្ហោះគោម បាល់ទះលើឆ្នេរខ្សាច់ កីឡាប៉េតុងគ្រួសារ ការបញ្ចាំងកុននៅលើឆ្នេរខ្សាច់ សកម្មភាពកីឡាលើទឹករបស់សហព័ន្ធកីឡាម៉ូតូទឹក ការជិះកង់កម្សាន្ត ២០ គីឡូម្រ៉ែត និងប្រណាំងកង់ ៤០ គីឡូម៉្រែត និងការរត់ប្រណាំង ៣ ទៅ ៥ គីឡូម្រ៉ែត ជាដើម។ ក្រៅពីនេះ លោក សុខ សូកេន បានបញ្ជាក់ថា ក្រសួង បានរៀបចំសិក្ខាសាលា ដើម្បីជំរុញ និងពង្រឹងវិស័យទេសចរណ៍ និងពិធីប្រគល់បណ្ណសរសើរដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តកែប ដែលអនុវត្តគុណភាព និងសេវាទេសចរណ៍បានយ៉ាងល្អ និងពិធីដាំដើមឈើអនុស្សាវរីយ ជាដើម។

លោក សុខ សុកេន បញ្ជាក់បន្ថែមទៀតថា ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះ មានការចូលរួមពីសំណាក់វិស័យឯកជន និងរដ្ឋ និងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងផុលផុស គួរឱ្យកត់សម្គាល់ ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ដៃគូបរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិអូឡាំពិក សហភាព សហព័ន្ធយុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជន ដែលបានចូលសហការជាមួយនឹងក្រសួងទេសចរណ៍ ដែលធ្វើឱ្យកម្មវិធីនេះ អាចប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាងបណ្ដាឆ្នាំមុនៗ ទៅទៀត៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ