ព័ត៌មានជាតិ
ជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប បានបង្ហាញឱ្យឃើញថា ប្រទេសជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ។
លោក UENO Atsushi ឯកគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុន ជាសហប្រធានជាមួយប្រទេសបារាំង នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ(ICC-Angkor) ដែលជាក្របខណ្ឌអន្តរជាតិសម្រាប់ការអភិរក្ស និងជួសជុលប្រសាទអង្គរ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីការពារបេតិកភណ្ឌវប្បធម៌។
លោកបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន នៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានធ្វើឱ្យប្រសើរឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ បន្ថែមពីនេះ លោក UENO Atsushi សង្ឃឹមថា ប្រជាជនកាន់តែច្រើន នឹងយកព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីនេះ ជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ជប៉ុនកន្លងមក ហើយលោកសន្យាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាបាននូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឈានដល់កម្រិតកាន់តែខ្ពស់។
ចំណែក លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ «អង្គរជាសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់បុព្វបុរសនៃយើង ហើយយើងមើលដោយសេចក្តីគោរព និងបំផុសគំនិត»។ លោកថា សព្វថ្ងៃនេះ ការអភិក្ស ត្រូវបានធ្វើឡើងដោយសហការគ្នារវាងអ្នកជំនាញកម្ពុជា និងអន្តរជាតិ រួមមានស្ថាប័នឯកជន និងសារធារណៈរបស់ជប៉ុន ដើម្បីភាពស្រស់ស្អាតប្រវត្តិសាស្រ្ត និងវបុ្បធម៌ដែលអាចត្រូវបានចែករំលែកជាសកល។
លោក ហង់ ពៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន ស្ថាប័នសាធារណៈ និងឯកជននៃប្រទេសជប៉ុន ជាពិសេស ចំពោះលោកឯកអគ្គរាជទូត ដែលតែងតែផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ចំពោះការការពារ និងអភិរក្សអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកបញ្ជាក់ថា ជាការពិតណាស់ ការថែរក្សា ជួសជុល និងអភិវឌ្ឍអង្គរ មិនអាចទទួលបានជោគជ័យបានទេ ប្រសិនបើគ្មានកិច្ចសហការជិតស្និទ្ធពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេស រដ្ឋាភិបាលជប៉ុន ដែលមានតួនាទីយ៉ាងសកម្មជាសហប្រធាន ICC-Angkor តាំងពីឆ្នាំ១៩៩៣ រហូតមក ដល់បច្ចុប្បន្ន និង១០ឆ្នាំទៀតខាងមុខ ដូចដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុងសេចក្តីប្រកាស ក្នុងអំឡុងពេលសន្និសីទលើក៤ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។
លោកអគ្គនាយកអាជ្ញាធម៌ជាតិអប្សរា បានបន្ថែមថា ដើម្បីបង្ហាញពីសមិទ្ធិផលមួយចំនួន ជំនួយរបស់ជប៉ុនចំពោះអង្គរ ដែលទទួលបាន គឺជាងមួយរយលានដុល្លារអាមេរិក។ លើសពីនេះ ប្រទេសជប៉ុនក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៣ មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់រាប់លានដុល្លារ សម្រាប់កម្មវិធីលើការងារ និងបង្កើនសមត្ថភាពផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទរាជធានីភ្នំពេញ និងនៅតាមអាជ្ញាធរជាតិផ្សេងៗ។ បច្ចុប្បន្ន អ្នកជំនាញខ្មែរទាំងនេះកំពុងធ្វើការលើវិស័យបេតិកភណ្ឌវប្បធម៌។
លើសពីកម្មវិធីពង្រឹង សមត្ថភាពវិជ្ជាជីវៈលើការងារខាងលើ អ្នកជំនាញកម្ពុជាជាច្រើននាក់ទៀតបាន និងកំពុងសិក្សាវគ្គមធ្យមសិក្សាអនុបណ្ឌិត និងបណ្ឌិត នៅកន្លែងដោយផ្ទាល់ និងសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន។ ថ្មីៗនេះ ពិធីសម្ពោធផ្លូវខាងលិចប្រាសាទអង្គរវត្តនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
លោក ហង់ ពៅ បានគូសបញ្ជាក់ថា ឆ្លងតាមរយៈព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នឹងពង្រឹងនូវទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសតាមរយៈការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបនៃប្រទេសទាំងពីរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ