Connect with us

ព័ត៌មានជាតិ

១១ខែឆ្នាំនេះ CDC បានអនុម័តជាង ២០០គម្រោង បង្កើតការងារប្រមាណ ២១ម៉ឺនកន្លែង

បានផុស

នៅ

នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោង​វិនិយោគចំនួន ២០៣គម្រោង មានទុន ២៤៥៩,០៥លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ២១៥០៦៨ កន្លែង។ ចំនួននេះបើធៀបទៅនឹងរយៈពេល១១ខែដូចគ្នាកាលពីឆ្នាំ២០២២ មានការកើនឡើង៥១គម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ២០៣​ក្នុងនោះ ខែមករាឆ្នាំ២០២៣ មាន១០គម្រោង មានទុនចំនួន ៩៩,៤លានដុល្លារ បង្កើតការងារបានចំនួន ១៧១២៩​កន្លែង។ ខែកម្ភៈមាន១៧គម្រោងមានទុន ៩៨,៨លានដុល្លារ និងបង្កើតការងារបានចំនួន ២២៧៨៤កន្លែង។ ខែមីនា មាន៧គម្រោងមានទុន ៣៣,៧លានដុល្លារ ផ្តល់ការងារបានចំនួន ៦៦៦៩កន្លែង។ ខែមេសា មាន ២០គម្រោងមានទុន ២៤៧,៧លានដុល្លារ ផ្តល់ការងារបាន ១៧៧២៣កន្លែង។

ចំណែកខែ ឧសភា មាន១០ គម្រោង មានទុន ៦០,១៤លានដុល្លារ ដោយផ្តល់ការងារបាន១៣៩៨៧កន្លែង, ខែមិថុនា មាន៣០ គម្រោងមានទុន ៤០៧,៦លានដុល្លារ ដោយផ្តល់ការងារបាន ៣៧៧៨១នាក់ ខែកក្កដា មាន៩គម្រោង មានទុន៧៧លានដុល្លារ ដោយផ្តល់ការងារបាន ១៧០២៩នាក់ ខែសីហាមាន ២៣គម្រោង មានទុន ៤៨៤,៨​លានដុល្លារ បង្កើតការងារបាន ៣៥០៥០កន្លែង ខែកញ្ញាមាន ២៦គម្រោងមានទុន​២៥៦,៤៥លានដុល្លារ​បង្កើតការ​ងារបាន២៧៣៦៥កន្លែង ។

ខែតុលាមាន ៣១គម្រោងមានទុវិនិយោគចំនួន១៨១លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន​១០៨៦០ក​ន្លែង​និងខែវិច្ឆិកាមាន២០គម្រោងមានទុនវិនិយោគចំនួន៦១៣,៤៦​ដុល្លារនិងបង្កើតការងារជូនប្រជាពលរដ្ឋ​ចំនួន​២១២៨០​កន្លែង។

ក្នុងចំណោមគម្រោងចំនួន ២០៣ ក្នុងនោះគម្រោងធំជាងគេ គឺគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០ មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគ​២៥៨​លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះ​ដែលមានទុនប្រមាណ១៣៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុង​ទុនវិនិយោគប្រមាណ ៩៥លានដុល្លារ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់​២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២​លានដុល្លារនិងអាចបង្កើត​ការងារ​ជូនប្រជាពលរដ្ឋបានចំនួន ៤៦៤កន្លែង។

គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅស្រុកស្នួល​ខេត្តក្រចេះក្នុង​ទុនវិនិយោគ​ប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះ​ទទឹងនិងសកម្មភាព​ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុង​ទុនវិនិយោគប្រមាណ៣០​លានដុល្លារ។គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ។ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ​ប្រមាណ ១៥,៦លានដុល្លារ។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំង​វិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣,៣លានដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម