ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្ដេជ្ញាបន្តធ្វើការជាមួយកម្ពុជារយៈពេល៣០ឆ្នាំទៀត
នៅចំពោះមុខលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្ដេជ្ញាបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣០ឆ្នាំទៅមុខទៀត ក្នុងកិច្ចការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងការជួយសង្គ្រោះដល់សត្វព្រៃនៅកម្ពុជា។

នៅក្នុងជំនួប នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត ខណៈនោះ លោកស្រី ក៏បានលើកឡើងនូវសមិទ្ធផលនានា ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗ នាពេលកន្លងមក។

ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ចំពោះលោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ហើយបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលក្នុងរយៈពេលជាង២០ឆ្នាំមកនេះបានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ អភិរក្សជីវៈចម្រុះ ការសង្គ្រោះថែទាំសត្វព្រៃ ព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍នៅមូលដ្ឋាន។
ជាមួយនឹងការប្ដេជ្ញាចិត្តរបស់លោកស្រីនាយិកា លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងសន្យាផ្ដល់កិច្ចសហការសម្របសម្រួលលើបញ្ហានានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្កើតកម្មវិធីអភិរក្សនៅកម្ពុជាក្នុងឆ្នាំ២០០០ បន្ទាប់ពីអង្គការនេះ បានបង្កើតឡើងកាលពីឆ្នាំ១៩៩៥។ ស្ថាបនិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចំណាយពេលជាង ២០ឆ្នាំមកហើយ សម្រាប់សកម្មភាពការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងអភិរក្សសត្វព្រៃនៅកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃគូសហការជាមួយក្រសួងបរិស្ថាន ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីអនុរក្សសម្រាប់កិច្ចការពារឧទ្យានជាតិបូកគោ ហើយបានគាំទ្រកិច្ចការអភិរក្ស រួមទាំងការកសាងមជ្ឈមណ្ឌលជាតិអភិរក្ស ការអភិវឌ្ឍកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលដល់ឧទ្យាននុរក្សជាច្រើន នាក់នៅទូទាំងប្រទេសកម្ពុជា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអភិបាលខេត្តកោះកុង ក្រសួងកសិកម្ម ក៏ដូចជាក្រសួងរៀបចំដែនដី ដើម្បីបង្កើតគម្រោងកសិកម្មសហគមន៍សុវណ្ណាបៃតងក្នុងតំបន់ជួរភ្នំក្រវាញរបស់កម្ពុជា ដែលគម្រោងនេះ មានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងផ្តល់ឱ្យកសិករនូវកម្មសិទ្ធិដីធ្លីស្របច្បាប់ ហើយពលរដ្ឋទាំងនោះ ទទួលបានការអប់រំ និងការថែទាំសុខភាពដោយយកចិត្តទុកដាក់។ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចូលរួមចំណែកក្នុងការបង្កើតឱ្យមានគម្រោងរ៉េដបូកជួរភ្នំក្រវាញ ដើម្បីគាំទ្រសត្វបក្សី ថនិកសត្វ និងសត្វល្មូនប្រមាណ៥០ប្រភេទ ដែលរងការគំរាមកំហែង ឬ រងការជិតផុតពូជ និងជំរុញដល់ការលក់ឥណទានកាបូនដោយស្ម័គ្រចិត្ត ព្រមទាំងសកម្មភាពថែរក្សា ការពារ និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការប្រឆាំងការប្រែប្រួលអាកាស ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ