ព័ត៌មានជាតិ
សាច់បង្កកខុសច្បាប់ ជិត ៤០ម៉ឺនគីឡូក្រាម នឹងត្រូវយកទៅបំផ្លាញចោល បើរកឃើញថាខូចគុណភាព
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣នេះថា សាច់បង្កកជិត ៤០ ម៉ឺនគីឡូក្រាម ដែលសមត្ថកិច្ចរកឃើញថាគ្មានច្បាប់នៅខណ្ឌសែនសុខ កាលពីថ្ងៃច័ន្ទ នឹងត្រូវកម្ទេចចោលបើរកឃើញថា ជាសាច់ខូចគុណភាព។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កក និងរកឃើញសាច់បង្កកអត់ច្បាប់ជិត ៤០ ម៉ឺនគីឡូក្រាម (៣៧៧ ៨៧០) ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី ៤ ខែធ្នូនេះ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចូលសាច់បង្កកចូលមកកម្ពុជាមានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ។
កញ្ញាបានបន្តថា ក្រុមហ៊ុនទាំងនោះ នៅពេលដែលទទួលបានលិខិតអនុញ្ញាត គឺគាត់នាំចូលទៅតាមបរិមាណ ស្របតាមគុណភាព និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគ ប៉ុន្តែនៅតែមានសាច់បង្កកមួយចំនួន នៅតែមានការលួចលាក់នាំចូលខុសច្បាប់ដែលចំនួនខ្លះសាច់ខូចគុណភាព ខណៈបច្ចុប្បន្នសាច់ខូចគុណភាពទាំងនោះ ជាមុខសញ្ញារបស់ក្រសួងកសិកម្មឈានទៅស្រាវជ្រាវបង្ក្រាប និងដុតកម្ទេចចោល។
កញ្ញា អ៊ឹម រចនាបញ្ជាក់ថា៖ «សាច់បង្កកមិនមែនខុសច្បាប់ និងគ្រោះថ្នាក់ដល់សុខភាពទាំងអស់នោះទេ ក្រុមហ៊ុនដែលគាត់សុំអនុញ្ញាតច្បាប់ត្រឹមត្រូវ ហើយគាត់នាំចូលមកសាច់មានគុណភាព អាហ្នឹងគាត់ស្របច្បាប់អាចដាក់លក់បានធម្មតា លើកលែងតែយើងរកឃើញថា ក្រុមហ៊ុនគាត់នាំចូលមកខុសច្បាប់ ហើយខូចគុណភាព»។
កញ្ញា អ៊ឹម រចនាបានបញ្ជាក់បន្ថែមថា ចំពោះជនល្មើសដែលនាំចូលសាច់ខុសច្បាប់ និងខូចគុណភាព នឹងប្រឈមមុខច្បាប់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសាទរចំពោះចំណាត់ការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទៅលើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្ទាប់ ជាពិសេសកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ បានរកឃើញសាច់បង្កកគ្មានច្បាប់អនុញ្ញាតជិត ៤០ម៉ឺនគីឡូក្រាម នៅរាជធានីភ្នំពេញ។
លោកបន្ថែមថា ចំណាត់ការទៅលើសាច់បង្កកគ្មានច្បាប់អនុញ្ញាតជាបន្តបន្តាប់នេះ ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចិញ្ចឹមសត្វនៅកម្ពុជា។
សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។
លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ