ព័ត៌មានជាតិ
សមិទ្ធផលលេចធ្លោ ៤ ផ្លាស់ប្តូរមុខមាត់វិស័យអគ្គិសនីកម្ពុជា ក្នុងពេល ១៥ ឆ្នាំចុងក្រោយ
អគ្គិសនីចាប់ផ្តើមមានប្រើប្រាស់លើកដំបូងក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩០៦ ក្នុងរជ្ជកាលព្រះបាទព្រះស៊ីសុវត្ថិ។ យ៉ាងណាមិញឆ្លងកាត់ការផ្លាស់ប្តូររបបដឹកនាំនិងសង្រ្គាមស៊ីវិល បានបំផ្លាញវឌ្ឍនភាពវិស័យអគ្គិសនីដំបូងរបស់កម្ពុជាស្ទើរគ្មានសល់។ ក្រោយឆ្នាំ ១៩៧៩ សង្គ្រាមស៊ីវិលនៅតែបន្តនៅតំបន់ខ្លះរហូតដល់ឆ្នាំ ១៩៩៨ កម្ពុជាមានសន្តិភាពពេញលេញ ទើបវិស័យអគ្គិសនីកម្ពុជាមានលទ្ធភាពអភិវឌ្ឍបានយ៉ាងពិតប្រាកដ។
ក្រោយមានសន្តិភាពពេញលេញ ផ្តើមចេញពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីមានភាពទ្រុឌទ្រោម ការផ្គត់ផ្គង់មិនមានស្ថិរភាព ដំណាក់កាលធ្វើការអភិវឌ្ឍពិតប្រាកដដោយចាប់ផ្ដើមចេញដំណើរពីឆ្នាំ ២០០៨។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសចូលរួមពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើអានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានលើកឡើងពីសមិទ្ធផលសំខាន់ៗចំនួន ៤ ដែលវិស័យថាមពលនៅកម្ពុជាសម្រេចបានពិតប្រាកដក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន។
ទី១. ការអភិវឌ្ឍន៍ប្រភពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី
ប្រភពអគ្គិសនីត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដែលអនុភាពកើនឡើងពី ១៥០ មេហ្គាវ៉ាត់នៅឆ្នាំ ១៩៩៨ រហូតដល់ ៤ ៤៩៥ មេហ្គាត់វ៉ាត់នៅចុងឆ្នាំ ២០២២ ដែលស្មើកំណើនជិត ៣០ ដង។ ការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូននិងអនុស្ថានីចាប់ផ្តើមពីគ្មានសោះនៅឆ្នាំ ២០០៨ រហូតមានប្រព័ន្ធបណ្តាញបញ្ជូនប្រមាណ ៣ ៤៨៦ គីឡូម៉ែត្រ និងចំនួនអនុស្ថានីយកើនឡើងដល់ ៦៣ កន្លែង ដែលធ្វើឲ្យប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្ដប់ទាំង ២៥ ខេត្តក្រុង។
ដោយឡែកបណ្តាញចែកចាយសរុបទាំងតង់ស្យុងមធ្យមនិងតង់ស្យុងទាបមានរហូតដល់ ៨៧ ៥២៩ គីឡូម៉ែត្រ ដែលធ្វើឲ្យការចែកចាយប្រព័ន្ធបណ្តាញជាតិគ្របដណ្តប់ភូមិ ៩៨ ភាគរយ ស្មើ ៨៨% នៃខ្នងផ្ទះសរុបទូទាំងប្រទេស។
បច្ចុប្បន្នក៏កំពុងបន្តអភិវឌ្ឍពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀតដោយយកចិត្តទុកដាក់អភិវឌ្ឍទាំងប្រព័ន្ធបណ្តាញជាតិ ប្រភពអគ្គិសនី បណ្តាញបញ្ជូនរងនិងបណ្តាញចែកចាយ។ ជាមួយគ្នានេះក៏យកចិត្តទុកដាក់ដោះស្រាយការផ្គត់ផ្គង់អគ្គិសនីទៅភូមិដាច់ស្រយាលជាបណ្តើៗ ដែលការផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ តាមរយៈការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីខ្នាតតូចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្គុំជាមួយប្រព័ន្ធអាគុយស្តុកទុក។
ទី២/ ការឯកភាពថ្លៃទូទាំងប្រទេស ការបន្ថយ និងអនុគ្រោះថ្លៃលក់អគ្គិសនី
អគ្គិសនីកម្ពុជាបានឧបត្ថម្ភធន (ការចេញខាត) ជាង ១០០ លានដុល្លារជារៀងរាល់ឆ្នាំពីអាជីវកម្មរបស់អគ្គិសនីកម្ពុជាផ្ទាល់។ ថ្លៃលក់អគ្គិសនីដល់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធបណ្ដាញជាតិត្រូវបានកំណត់អត្រាឯកភាពទូទាំងប្រទេស។ បច្ចុប្បន្នថ្លៃលក់អគ្គិសនីឯកភាពមានអត្រាថ្លៃលក់ ៣៨០ រៀល ៤៨០ រៀល និង ៦១០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់ជួយគ្រួសារមានចំណូលទាប និងមធ្យមដែលប្រើប្រាស់អគ្គិសនីតិច។
ថ្លៃ ៤៨០ រៀលជួយដល់ការប្រើប្រាស់អគ្គិសនីលើវិស័យកសិកម្មដែលប្រើនៅពេលយប់ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក និងថ្លៃអនុគ្រោះ ៦១០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដល់អ្នកប្រើប្រាស់ប្រភេទជាសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខភាពទូទាំងប្រទេស។
ថ្លៃលក់អគ្គិសនីមានការថយចុះបើធៀបនៅឆ្នាំ ២០១៥ ដែលកាលនោះតម្លៃពី ១ ០០០ រៀល ដល់ ៦៥០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ យ៉ាងណានៅតាមតំបន់ទោលដែលពុំទាន់មានការភ្ជាប់ជាមួយបណ្តាញជាតិ នៅពុំទាន់មានការឯកភាពថ្លៃនៅឡើយ។
បន្ថែមពីលើការអនុគ្រោះ និងបន្ថយថ្លៃអគ្គិសនី ថ្មីៗនេះសម្តេចធិបតីបានសម្រេចឲ្យអគ្គិសនីចុះថ្លៃបន្ថែមទៀតជូនចំពោះវិស័យកសិកម្ម ការកែច្នៃកសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍ តាមរដូវកាលដែលមានកំណើនដើម្បីជំរុញការផលិត និងបង្កើនសកម្មភាពទេសចរណ៍ក្នុងន័យស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជាសកលពីជំងឺកូវីដនិងសង្គ្រាមនៅអុយក្រែន។
ទី៣/ ការកែលម្អការផ្តល់សេវាអ្នកប្រើប្រាស់អគ្គិសនី
ក្រៅពីគិតគូរអភិវឌ្ឍប្រភពផ្គត់ផ្គង់ ការធ្វើឲ្យមានថ្លៃលក់ឯកភាពអគ្គិសនីទូទាំងប្រទេស ការបន្ថយនិងផ្តល់ថ្លៃអនុគ្រោះអគ្គិសនី រដ្ឋាភិបាលក៏បានគិតគូរដល់កែលម្អការផ្តល់សេវាដល់អ្នកប្រើប្រាស់អគ្គិសនី។ ដូចជាកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីដើម្បីបង្កើនស្ថិរភាព គុណភាព និងបានចាប់ផ្តើមការដាក់ឲ្យអនុវត្តការស្នើសុំ ការផ្តល់សេវា ការផ្តល់ព័ត៌មាន ការផ្តល់វិក្ក័យបត្រ ការទូទាត់ ការទំនាក់ទំនងអ្នកប្រើប្រាស់និងផ្គត់ផ្គង់ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីលឲ្យកាន់តែទំនើប ងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។
ទី៤/ ការធ្វើអន្តរកាលឆ្ពោះទៅរកអព្យាក្រឹត្យកាបូន
ស្របតាមនិន្នាការពិភពលោក ប្រទេសកម្ពុជាត្រូវធ្វើអន្តរកាលទៅជាសង្គមអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០។ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្នុងការដឹកនាំគ្រប់គ្រងអភិវឌ្ឍវិស័យថាមពល រយៈពេលកន្លងទៅនេះក្រសួងរ៉ែនិងថាមពលមានភារកិច្ចមិនត្រឹមធានាការផ្គត់ផ្គង់ថាមពលប្រកបដោយគុណភាព ស្ថិរភាព ប្រសិទ្ធភាពនិងថ្លៃសមរម្យ ក្រសួងក៏ត្រូវប្តេជ្ញាចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យកម្ពុជាឈានឆ្ពោះទៅរកអព្យាក្រឹត្យកាបូនតាមការប្រកាសរបស់រដ្ឋាភិបាល។ ក្រសួងត្រូវធ្វើការចាំបាច់ចំនួនពីរគឺទីមួយបង្កើនប្រសិទ្ធភាពថាមពលអគ្គិសនី និងទីពីរបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ដើម្បីឲ្យកម្ពុជាបង្កើនការផលិត និងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញឲ្យបានកាន់តែច្រើនឈានឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ វិស័យថាមពលកម្ពុជាត្រូវអភិវឌ្ឍប្រព័ន្ធប្រព័ន្ធស្តុកថាមពលទុកដើម្បីគ្រប់គ្រងការប្រែប្រួលចុះឡើងនៃប្រភពថាមពលកកើតឡើងវិញ និងដើម្បីស្តុកថាមពលទុកសម្រាប់បំពេញការផ្គត់ផ្គង់នៅពេលម៉ោងដែលពន្លឺព្រះអាទិត្យនិងខ្យល់ថយចុះឬគ្មាន។
កន្លងទៅក្រសួងរ៉ែនិងថាមពល បានសាកល្បងដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធអាគុយស្តុកថាមពលទុកនៅក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យទៅបណ្តាញជាតិចំនួន ៤ ដើម្បីជួយបន្សាបការឡើងចុះមិនទៀងទាត់នៃថាមពលពន្លឺព្រះអាទិត្យ ហើយក៏កំពុងរៀបចំវិនិយោគគម្រោងស្តុកទំហំធំមួយទៀតជាមួយធនាគារអភិវឌ្ឍអាស៊ី។
លើសពីនេះ ក្រសួងរ៉ែនិងថាមពលបានស្នើសុំក្រុមហ៊ុនដែលគ្រប់គ្រងវារីអគ្គិសនី ដែលដំណើការរួចហើយ ឬកំពុងសាងសង់ឲ្យជួយធ្វើការសិក្សាបឋមពីសក្តានុពលបង្កើតស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកក្នុងតំបន់ភូមិសាស្រ្តនីមួយៗ។
តាមការសិក្សានិងស្រាវជ្រាវជាបឋមទទួលព័ត៌មានថា នៅតំបន់ត្រីកោណខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ អាចមានសក្ដានុពលបង្កើតថាមពលអគ្គិសនីបូមទឹកស្តុកទុកដែលមានអនុភាពបានរាប់ពាន់មេហ្គាត់វ៉ាត់។
ដោយឡែកនៅទីតាំងវារីអគ្គិសនីតាតៃក៏មានលក្ខណៈភូមិសាស្ត្រអំណោយផលអាចបង្កើតវារីអគ្គិសនីបូមទឹកស្តុកទុកក្នុងអានុភាព ១ ពាន់មេហ្កវាត់ ដែលអាចជួយបង្កើនអានុភាពអភិវឌ្ឍថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។
ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់នេះ អាចធ្វើឲ្យកម្ពុជាមានលទ្ធភាពថ្មីបង្កើតថាមពលកកើតឡើងវិញជាអតិបរមា និងឈានដល់ពិនិត្យលទ្ធភាពអាចលក់ថាមពលកកើតឡើងវិញនៅប្រទេសជិតខាងផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង កំពុងដំណើរការដែលមានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់។
កម្ពុជាជាប្រទេសឈានមុខគេមួយលើការប្រើប្រាស់ថាមពលស្អាត។ កម្ពុជាទាញប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៣០។
ក្រៅពីវារីអគ្គិសនីចំនួន ០៨ ដែលមានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ និងស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ ដែលកំពុងដាក់ឲ្យដំណើរការ កម្ពុជាកំពុងសិក្សាអភិវឌ្ឍប្រភពអគ្គិសនីដោយថាមពលខ្យល់ផងដែរ។
បើតាមលោក កែវ រតនៈ រដ្ឋាភិបាលបានដាក់ផែនការឆ្នាំ ២០៣០ កាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបាន ១៩% ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការប្រើប្រាស់ថាមពលដោយសន្សំសំចៃអាចធ្វើឲ្យកម្ពុជាមិនបាច់បង្កើតរោងចក្រផលិតថាមពលថ្មីបន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលជាការរួមចំណែកដល់កិច្ចការពារបរិស្ថាន៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ