ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឱ្យអាជ្ញាធរគ្រឿងញៀនសិក្សាយុទ្ធសាស្ត្រថ្មីអប់រំពលរដ្ឋ
លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការក្រើនរម្លឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-07_15-14-50-1024x682.jpg)
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាម ហើយលោកបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋាន។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ការផ្សព្វផ្សាយ អប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជនគឺជាការងារសំខាន់ចាំបាច់បំផុតក្នុងនោះគឺត្រូវធ្វើការកែទម្រង់យន្ដការផ្សព្វផ្សាយ អប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធភាពខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗ ធ្វើបែបណាឲ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ទទួលយកបាន ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-07_15-14-51-1-1024x682.jpg)
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឃើញអាទិភាពទី១ គឺកិច្ចការផ្សព្វផ្សាយអប់រំដោយត្រូវរួមសហការគ្នាធ្វើយ៉ាងណាឲ្យមានគុណភាពប្រជាពលរដ្ឋយើងយល់ដឹង។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានជំនាញ ត្រូវសិក្សាពីផែនការ ខ្លឹមសារ រកវិធីសាស្ដ្រថ្មីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា ការងារផ្សព្វផ្សាយអប់រំត្រូវរកបុគ្គលល្បីៗ មានឥទ្ធិពល ជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ដើម្បីថ្លែងពីបញ្ហាគ្រឿងញៀនទៅកាន់ពួកគាត់ដើម្បីឆាប់ទទួលបានការយល់ដឹង ក្នុងនោះមាន៖ តារាចម្រៀង តារាសម្ដែង ព្រះសង្ឃ អ្នកនិពន្ធទាំងកំណាព្យ និងចម្រៀងជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-07_15-14-52-2-1024x629.jpg)
បើតាមលោកឧបនាយករដ្ឋមន្ត្រីនៅពេលអាជ្ញាធរទៅអានសុន្ទរកថា ដើម្បីពន្យល់ ឬកោះហៅប្រជាពលរដ្ឋមកអប់រំណែនាំនោះប្រសិទ្ធភាពនៅមានកម្រិត ប៉ុន្តែបើអាចឆ្លៀតបញ្ចូលក្នុងកម្មវិធីសម្ដែង ឬការប្រគំតន្រ្តីណាមួយ ដែលមានតារាចម្រៀង ឬតារាងកំប្លែងល្បីៗចូលរួម យើងអាចឱ្យគាត់ជួយបញ្ជូនសារអបរំពីបញ្ហាគ្រឿងញៀនទៅកាន់មហាជន ទើបមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។ លើសពីនេះ ក៏ត្រូវសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដែលមាននៅក្នុងប្រទេសផងដែរ។
ក្រៅពីការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ក៏ត្រូវបានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកជាការងារមួយសំខាន់ផងដែរ ដោយត្រូវតាមដានការអនុវត្តរបស់គ្រប់អង្គភាពទាំងអស់ បូកសរុប និងចងក្រងទុកពីល្បិចកលរបស់ក្រុមជនល្មើសកែច្នៃផលិត, ល្បិចលួចលាក់ដឹកជញ្ជូនឆ្លងកាត់ ជួញដូរដែលវិវឌ្ឍថ្មីៗ ដើម្បីប្រសិទ្ធភាពការតាមដាន ទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាប។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងតំបន់ និងអន្ដរជាតិ ដើម្បីស្វែងរកនូវជំនួយលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍។
សម្រាប់ការងារព្យាបាល និងស្ដារនីតិសម្បទាវិញ ត្រូវកំណត់ឲ្យច្បាស់អំពីសមត្ថភាព ទីតាំងសម្រាប់ព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយក្រសួងជំនាញនិងត្រូវផ្ដល់ឱកាសឲ្យវិស័យឯកជនចូលរួមផងដែរ។ ទន្ទឹមនឹងនេះក៏ត្រូវ ស្រង់ទិន្នន័យអ្នកកំពុងទទួលការថែទាំបន្សាប និងអ្នកដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលទៅរស់នៅក្នុងសហគមន៍វិញ ដើម្បីងាយស្រួលក្នុងការតាមដានបន្ដ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀត លើការងារគ្រប់គ្រងសារធាតុគីមីផ្សំ ត្រូវគ្រប់គ្រងឲ្យបាននូវការនាំចូល ប្រើប្រាស់ និងចែកចាយ ប៉ុន្ដែធ្វើយ៉ាងណាឲ្យមានយន្ដការមួយច្បាស់លាស់ ជៀសវាងបង្កនូវការរំខានដល់ក្រសួងសាមី ដែលជាអ្នកអនុញ្ញាតឲ្យនាំចូលសារធាតុគីមី៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ