ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយបំភ្លឺថា សាច់បង្កកប្រមាណ ៣៧០ តោន នាំចូលស្របច្បាប់ត្រឹមត្រូវ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ០៧ ខែធ្នូ បានចេញសេចក្តីបំភ្លឺជុំវិញករណីរកឃើញសាច់បង្កកចម្រុះប្រមាណ ៣៧០តោន សង្ស័យនាំចូលខុសច្បាប់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបំភ្លឺថា ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នា។

អគ្គនាយកដ្ឋានគយបំភ្លឺថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អគ្គនាយកដ្ឋានគយ បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវ និងសាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។
ជាលទ្ធផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០ តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ។
នាពេលកន្លងមក អគ្គនាយកដ្ឋានគយ បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់នូវសាច់បង្កកខូចគុណភាពដែលត្រូវបានលួចនាំចូលមកកម្ពុជាតាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ។

ការចុះផ្សាយព័័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិតដូចខាងលើបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគយដែលកំពុងអនុវត្តវិធានការមុតស្រួចដើម្បីបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ក៏ដូចជាថែរក្សាសុខុមាលភាពសាធារណៈ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏អំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយ និងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ